អគ្គនាយកក្រុមហ៊ុន ដែលមានអតីតកាលជាកូនអ្នកស្រែសុទ្ធសាធ
ប៉ុន្តែដោយមានភាពជឿជាក់លើតម្លៃនៃការសិក្សា
និងចេះត្រួសត្រាយផ្លូវតាមរយៈធ្វើការឲ្យគេ បានក្លាយខ្លួនជាអគ្គនាយកក្រុមហ៊ុន
មានចំណូល១៥ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ នាពេលបច្ចុប្បន្ន។
តើជីវិតរបស់លោកបត់បែនយ៉ាងណាខ្លះ
ទម្រាំបានក្លាយជាអគ្គនាយកក្រុមហ៊ុន?
ខាងក្រោមនេះជារសជីវិតរបស់អគ្គនាយករូបនេះ៖
លោក សន សៀប កើតនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៨១ នៅខេត្តព្រៃវែង
មានឪពុកឈ្មោះ មិន ស៊យ និងម្ដាយឈ្មោះ ចក់ សុផល។
លោកជាកូនច្បងក្នុងចំណោមបងប្អូន៤នាក់
រស់ក្នុងគ្រួសារមានមុខរបរជាអ្នកធ្វើស្រែ
និងលក់ដូរកំប៉ិកកំប៉ុក។
នៅអាយុ៥ឆ្នាំ លោកបានចូលរៀននៅសាលាបឋមសិក្សាស្វាយអន្ទរ ប៉ុន្តែពេលកំពុងសិក្សានៅសាលាបឋមសិក្សានោះ លោកត្រូវបានប្ដូរលំនៅដ្ឋានពីស្រុក ទៅរស់នៅស្រុកមួយទៀត ដោយសារឪពុកម្ដាយរបស់លោកមិនទាន់មានលំនឹងជីវភាពពិតប្រាកដ។ ពេលទំនេរពី ការធ្វើស្រែដែលរដ្ឋចែកឲ្យ ពួកគាត់មានមុខរបរជាអ្នកលក់ដូរកំប៉ិកកំប៉ុក ដូចជាម្ដាយលោកលក់ឥវ៉ាន់ចាប់ហួយ និងឪពុកលោកលក់ការ៉េម ឬជួនកាលត្រូវទៅស៊ីឈ្នួលនៅស្រុកឆ្ងាយ ដូច្នេះលោកត្រូវប្ដូរមករស់នៅជាមួយជីដូន ដើម្បីបានរៀនសូត្រជាប់លាប់។
អ្វីដែលលោកចងចាំកាលណោះ គឺលោកត្រូវរៀនធ្លាក់ថ្នាក់ទី៣ចំនួន៣ឆ្នាំ ដោយសារលោករវល់ឌុបប្អូនស្រីរបស់លោកមករៀន និងទៅផ្ទះវិញរហូតដល់ចូលរៀនមិនទាន់ និងម្យ៉ាងចាស់ៗប្រាប់ថាចាំរៀនជាមួយប្អូនតែម្ដង។ នៅឆ្នាំក្រោយមកទៀត លោកក៏រវល់ដើរលេងច្រើនពេកភ្លេចចូលរៀនដែរ ក៏ធ្លាក់មួយឆ្នាំទៀត ដូច្នេះសរុបមកវិញក៏ត្រូវរៀនថ្នាក់ទី៣មួយឆ្នាំទៀត។
ស្បែកជើងថ្មីមួយគូ រំភើបប្រហែលបានiPhone
ត្បិតឪពុករបស់លោកត្រូវរកស៊ីដោយប្រើកម្លាំងបាយក្ដី ក៏គាត់តែងតែលើកទឹកចិត្តលោកឲ្យខិតខំរៀនសូត្រ ព្រោះមិនចង់ឲ្យកូនជួបការលំបាកដូចរូបលោកឡើយ។ មានពេលមួយ ឪពុកលោកមកពីលក់ការ៉េមកីវិញ គាត់បានទិញស្បែកជើងថ្មីមួយគូឲ្យលោកដើម្បីលើកទឹកចិត្ត។ ពេលនោះលោកត្រេកអរជាខ្លាំងគឺញញឹមជាប់ពេញមួយសប្ដាហ៍ ហើយមិនហ៊ានពាក់នោះទេ គឺដើរកាន់រហូត សូម្បីពេលដេកក៏យកដាក់ក្បែរខ្លួនដែរ។
លោកបានសន្យាថា នឹងខិតខំរៀនសូត្រមិនឲ្យចាញ់គេទេ ដោយសិក្សាជាមួយលោកឪពុកមាដែលជាគ្រូបង្រៀនស្រាប់។ ជាលទ្ធផល លោកអាចសូត្រមេលេខដល់មេ៩ បានមុនចូលរៀនថ្នាក់ទី៣។ ក្រោយមក លោកបានក្លាយជាសិស្សពូកែគណិតវិទ្យានៅសាលាបឋមនោះទៀតផង។
សប្បាយក្លាយជាទុក្ខដោយបាត់បង់ឱកាសប្រឡង
លោកបានចូលរៀននៅអនុវិទ្យាល័យស្វាយអាត់ ឃុំជើងខ្លាង ស្រុកព្រៃវែង។ ដោយមានការលើកទឹកចិត្តពីលោកឪពុកអ្នកម្ដាយ លោកខិតខំប្រឹងប្រែងរៀនរហូតក្លាយជាសិស្សពូកែរហូត។ នៅថ្នាក់វិទ្យាល័យ លោកបានប្រឡងជាប់សិស្សពូកែប្រចាំស្រុក និងចំណាត់ថ្នាក់សិស្សពូកែប្រចាំខេត្តព្រៃវែង។
នៅឆ្នាំ២០០០ ឈ្មោះរបស់លោកត្រូវបានគ្រូប្រាប់ថា លោកត្រូវចូលរួមប្រឡងនៅភ្នំពេញដើម្បីយកចំណាត់ថ្នាក់សិស្សពូកែ ទូទាំងប្រទេស ដែលមានឱកាសទទួលបានអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ។ ទន្ទឹមនឹងនោះដែរ ឪពុកម្ដាយរបស់លោកក៏ចាប់ផ្ដើមមានមុខរបរច្បាស់លាស់ជាអ្នកលក់ដូរ នៅក្នុងផ្សារ។
ពេលនោះដោយសាររដូវចូលឆ្នាំបានមកដល់ លោកបានជិះម៉ូតូដើរលេងជាមួយមិត្តភ័ក្ដិ ចៃដន្យស្រាប់តែលោកបានធ្លាក់ពីលើម៉ូតូ និងកៀបជើងជាមួយបំពង់ស៊ីម៉ាំងធ្វើឲ្យរលាកខ្លាំងរហូតដល់ដើរ មិនរួច។ លុះដល់ថ្ងៃប្រឡង ជើងរបស់លោកហើមកាន់តែខ្លាំង ធ្វើឲ្យលោកបាត់បង់ឱកាសមកប្រឡងនៅភ្នំពេញ។ ម្យ៉ាងក្រសួងកាលណោះមិនទាន់មានគោលការណ៍ឧបត្ថម្ភជាសោហ៊ុយផង លោកក៏សម្រេចចិត្តមិនមកប្រឡង ជាមួយនឹងការសោកស្ដាយបំផុតក្នុងជីវិតលោក។
សិស្សពូកែ តែប្រឡងយកអាហារូបករណ៍មិនបាន
ដោយខកខានមិនបានប្រឡងពិតមែន ប៉ុន្តែសិស្សពូកែរូបនេះមិនបានបោះបង់ការសិក្សាត្រឹមនេះទេ គឺបានធ្វើដំណើរមកទីក្រុងភ្នំពេញ ស្វែងរកការប្រឡងយកអាហារូបករណ៍នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាលាតិចណូ។ ជាលទ្ធផល លោកប្រឡងមិនជាប់ឡើយ។ ពេលនោះលោកក៏សម្រេចចិត្តបង់លុយចូលរៀនជំនាញដែលលោកស្រឡាញ់ គឺជំនាញគ្រប់គ្រងអាជីវកម្មនៅសាកលវិទ្យាល័យបៀលប្រាយ ព្រោះអំឡុងពេលនេះដែរ គ្រួសាររបស់លោកក៏ចាប់ផ្ដើមមានជីវភាពធូរធារបណ្ដើរៗហើយ។
ទោះស្លាប់ក៏ជំរុញឲ្យកូនរៀន
អំឡុងសិក្សាថ្នាក់ឆ្នាំទី២ ឪពុកលោកបានធ្លាក់ខ្លួនឈឺជាទម្ងន់ ដែលបានធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់លោកយ៉ាងខ្លាំង ព្រោះលោកជាកូនច្បងត្រូវចុះទៅជួយការងារផ្ទះ និងមើលថែលោកឪពុក រហូតមានពេលខ្លះ លោកស្ទើរតែបោះបង់ការងារចោលតែម្ដង។ រហូតដល់ដង្ហើមចុងក្រោយ ក៏ឪពុករបស់លោកបានផ្ដាំថា កុំឲ្យមានការបាក់ទឹកចិត្ត ត្រូវខិតខំរៀនឲ្យមានចំណេះ ធ្វើការងារស្រណុកកុំឲ្យដូចគាត់គ្មានចំណេះធ្វើការងារលំបាក។
ធ្វើការងារដើម្បីរៀន មិនដើម្បីប្រាក់បៀវត្សរ៍ឡើយ
នៅឆ្នាំសិក្សាទី៣ លោកបានចាប់ផ្ដើមចាប់អារម្មណ៍ជាមួយការងារដើម្បីយកបទពិសោធន៍ ក្នុងនាមជាអ្នកស្ម័គ្រចិត្ត៦ខែ នៅក្រុមហ៊ុនលក់ថ្នាំពេទ្យសេណូស បន្ទាប់មកទៀតធ្វើជាអ្នកស្ម័គ្រចិត្តនៅអង្គការ CDPO ផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ ក្រោយមកទៀតក៏ផ្លាស់មកធ្វើការអង្គការចាសជរា ៣ខែជាអ្នកបកប្រែ ដែលសុទ្ធជាការងារដែលគ្មានប្រាក់បៀវត្សរ៍។
គំនិតអាជីវកម្មចាប់ផ្ដើមកើតមាន ពេលកំពុងសិក្សា
ដល់ឆ្នាំសិក្សាទី៤ ឆមាសទី១ លោកបានរៀនមុខវិជ្ជា Benmarch ហើយ លោកចាប់អារម្មណ៍ខ្លាំងលើក្រុមហ៊ុនមួយរបស់អាមេរិកដែលនិយាយលើ វិស័យអចលនទ្រព្យ (Real Estate) ។ ហើយលោកយកក្រុមហ៊ុនវិស័យអចលនទ្រព្យ (Real Estate) មកធ្វើជាកិច្ចការស្រាវជ្រាវ (Assignment ) ជូនលោកគ្រូ ហើយទទួលបានពិន្ទុល្អ ព្រោះជាមុខរបរដែលលោកចាប់អារម្មណ៍ ចាប់ផ្ដើមមានគំនិតខិតខំស្រាវជ្រាវតែម្ដង។
ចាប់ផ្ដើមផ្លាស់ប្ដូរការងារត្រូវទៅតាមចំណង់ចំណូលចិត្ត និងការសិក្សា ពេលនោះលោកក៏ចាប់ផ្ដើមឈប់ពីការងារចាស់ មកដាក់ពាក្យធ្វើនៅក្រុមហ៊ុនអចលនទ្រព្យចំនួន១០ ដែលគេមិនបានប្រកាសជ្រើសបុគ្គលិកសោះ រហូតដល់មានក្រុមហ៊ុនមួយឈ្មោះ លី Real Estate បានចាប់អារម្មណ៍ និងទទួលលោកធ្វើជាបុគ្គលិក។
ឱកាសមកដល់ប៉ុន្តែគ្មានសមត្ថភាព
ដោយសារប្រធានក្រុមហ៊ុនលីនោះមានម្ដាយនៅស្រុកបារាំងកំពុង មានជំងឺ ដូច្នេះម្ចាស់ក្រុមហ៊ុនក៏សម្រេចបិទទ្វារទៅរស់នៅប្រទេសបារាំង វិញនៅ៦ខែក្រោយ ហើយបុគ្គលិកទាំងអស់ក៏ត្រូវបានបញ្ចប់ការងារដែរ។ បន្ទាប់ពីពេលនោះមក អតិថិជនម្នាក់របស់ក្រុមហ៊ុន បានស្គាល់ក៏ជួបពិភាក្សាចង់ឲ្យលោកចូលហ៊ុនបង្កើតក្រុមហ៊ុន ជាមួយ ហើយគេជាអ្នកចេញប្រាក់ ចំណែកលោកគ្រាន់តែចេញចំណេះ ប៉ុន្តែគំនិតនេះត្រូវបានបដិសេធវិញ ដោយសារលោកមិនទាន់មានសមត្ថភាពគ្រប់គ្រាន់នៅឡើយ ព្រោះលោកយល់ថា៖ “ខ្លួនឯងមិនទាន់ចេះប្រាកដ បើសិនជាបរាជ័យ លោកនឹងខូចឈ្មោះរហូត”។
បទពិសោធន៍កាន់តែច្រើន ជំនាញកាន់តែច្បាស់
ក្រោយមកទៀត លោកបានចូលបម្រើការងារឲ្យក្រុមហ៊ុន Service Apartment បានរយៈពេល៦ខែ។ ក្រុមហ៊ុននោះក៏លក់ចោល ដូច្នេះលោកបានបាត់បង់ការងារជាថ្មីម្ដងទៀត។ ទោះជាក្រុមហ៊ុនដែលលោកបានធ្វើឲ្យបរាជ័យជាបន្តបន្ទាប់ក៏ដោយ ក៏លោកនៅតែស្រឡាញ់វិស័យនេះដែរ។ លោកក៏ចាប់ផ្ដើមផ្ញើប្រវត្តិរូប១០ទៅតាមក្រុមហ៊ុនចលនទ្រព្យ១០ទៀត ។
នៅឆ្នាំ២០០៥ ខែ៩ ក្រុមហ៊ុនប៊ុណ្ណា មានចំណាប់អារម្មណ៍ និងទទួលយកលោកឲ្យចូលធ្វើការ ហើយក្រុមហ៊ុននេះ ក៏ជាក្រុមហ៊ុនមួយដែលបានបណ្ដុះបណ្ដាលលោក និងក៏ជាក្រុមហ៊ុនគំរូដែលលោកយកតម្រាប់តាម។ ធ្វើការនៅក្រុមហ៊ុននោះរយៈពេល២ឆ្នាំ លោកបានឡើងតំណែង៣ដង ពីអ្នកវាយតម្លៃ ក្លាយជាតំណាងផ្នែកលក់ និងឋានៈចុងក្រោយ គឺប្រធានផ្នែកធនធានមនុស្ស។
ទោះស្ថិតនៅក្រុមហ៊ុនប៊ុណ្ណា ជាក្រុមហ៊ុនល្អមួយក្ដី ប៉ុន្តែសម្រាប់លោកមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ លោកក៏សម្រេចចិត្តលាឈប់ ហើយចូលធ្វើការនៅក្រុមហ៊ុន ណៃហ្វ្រេង។ លោកក៏ត្រូវបានក្រុមហ៊ុនបរទេសមួយនេះ ដែលមិនទាន់បើកជាផ្លូវការនៅឡើយ បញ្ជូនឲ្យទៅរៀននៅប្រទេសម៉ាឡេស៊ី ដើម្បីបណ្តុះបណ្តាលលោកឲ្យក្លាយជាធនធានមនុស្សដ៏សំខាន់មួយ សម្រាប់ដំណើរការក្រុមហ៊ុនអចលនទ្រព្យរបស់ខ្លួន។ ពេលនោះលោកក៏ទទួលបានបៀវត្សរ៍៥៥០ដុល្លារក្នុងមួយខែ ។
បើកក្រុមហ៊ុនជាមួយបទពិសោធន៍ពេញខ្លួន
បទពិសោធន៍៥ឆ្នាំជាមួយការងារ ហើយជាអំឡុងពេលដែលលោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផងដែរ។ នៅឆ្នាំ២០១០ ក្រុមហ៊ុន KEY real estate លោកបានចេញជារូបរាងឡើង ជាមួយទុនផ្ទាល់ខ្លួនដែលជាប្រាក់ខែចុងក្រោយ និងប្រាក់ដំណាច់ឆ្នាំសរុបចូលគ្នាចំនួន ១១០០ដុល្លារ និងដៃគូ ប៉ុន្តែនៅខ្វះនៅឡើយប្រហែលជា១៨០០០ដុល្លារ ដែលលោកត្រូវបង្ខំចិត្តខ្ចីពីម្ដាយក្មេក និងម្ដាយបង្កើតរបស់លោក ចំនួន១៨០០០ដុល្លារ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ម្ដាយក្មេក និងម្ដាយបង្កើតរបស់លោកនៅតែគាំទ្រ និងជម្រុញលោកជានិច្ចឲ្យបើកក្រុមហ៊ុនមួយនេះ។
ក្រោយដំណើរការបានមួយឆ្នាំ ក្រុមហ៊ុនរបស់លោកស្ទើរតែដួលរលំ គឺអស់លុយពីខ្លួនរលីង ពេលនោះលោកក៏បានជួបជាមួយ អាណិកជនខ្មែរនៅប្រទេសកាណាដា គឺលោក ខេវីន លីម ដែលជាដៃគូពាណិជ្ជកម្មចាស់របស់ក្រុមហ៊ុន ណៃហ្វ្រែង ។ ដោយសម្លឹងឃើញលោកខេវីន លីម ជាមនុស្សឆ្លាត និងមានបទពិសោធន៍ច្រើន ពួកលោកក៏សម្រេចចិត្តឲ្យលោក ខេវីន លីម ចូលរួមជាមួយដោយចូលហ៊ុនជាង១ម៉ឺនដុល្លារបន្ថែមទៀត។
បច្ចុប្បន្នភាព
លោក សន សៀប មានអាយុ៣២ឆ្នាំ រៀបការនៅឆ្នាំ២០០៥ ជាមួយភរិយាឈ្មោះ យ៉ុង រតន៏ធី។ លោកមានក្រុមហ៊ុនមួយឈ្មោះ KEY real estate ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់លោកអាចរកចំណូលបានប្រមាណ១៥០០០០ដុល្លារក្នុងមួយ ឆ្នាំ។
បទពិសោធន៍ជីវិត
តម្លៃនៃការសិក្សា
ខ្ញុំជោគជ័យមកដល់ថ្ងៃនេះ គឺបានមកពីការសិក្សា។ តាំងពីតូចមក ខ្ញុំត្រូវដើរទៅនៅផ្ទះបងប្អូនដើម្បីរៀនសូត្រ តស៊ូមកភ្នំពេញម្នាក់ឯង ប៉ុន្តែអ្វីដែលខ្ញុំមានគឺការគាំទ្រទាំងហិរញ្ញវត្ថុ និងផ្លូវចិត្តពីឪពុកម្ដាយរបស់ខ្ញុំ ដែលពួកគាត់តែងតែឲ្យតម្លៃអ្នកសិក្សា ដូច្នេះសម្រាប់ខ្ញុំការសិក្សាគឺជាស្ពានមួយដ៏ចាំបាច់ដើម្បីឆ្ពោះ ទៅរកជោគជ័យ។
សិក្សាទំនោរសង្គម ទើបជោគជ័យ
បើចង់រកស៊ី ត្រូវដឹងខ្យល់ទំនោរសង្គម ថាវាបកទៅខាងណា ហើយឆ្ពោះទៅរកជំនាញតែម្ដង ត្រូវកំណត់គោលដៅរបស់ខ្លួនឲ្យច្បាស់ ឧទាហរណ រៀនជំនាញណាក៏ដោយត្រូវទៅធ្វើការឲ្យក្រុមហ៊ុនផ្នែកនោះ ហើយចាប់ផ្ដើមរកស៊ីជំនាញនោះ រហូតដល់មានសមត្ថភាពគ្រប់គ្រាន់ ចាំចូលប្រឡូកក្នុងទីផ្សារ។ ឧទាហរណ៍គាត់ស្រឡាញ់ក្រុមហ៊ុនទេសចរណ៍ កុំអាលបើកភ្លាមត្រូវធ្វើការឲ្យក្រុមហ៊ុនទេសចរណ៍ឲ្យបានច្បាស់លាស់ សិន។
គូប្រជែងកំពុងធ្លាក់ នោះជាឱកាសរបស់យើង
ឆ្នាំ២០១០-២០១១ ជាពេលវេលាមួយមិនអំណោយផលសម្រាប់វិស័យអចលនទ្រព្យនោះទេ។ មានមនុស្សជាច្រើនបាននិយាយថា លោកកំពុងតែយកលុយទៅបោះចោលព្រោះពេលនោះ ក្រុមហ៊ុនអចលនទ្រព្យជាច្រើនបានបិទទ្វារ ប៉ុន្តែលោកបែរជាគិតឃើញផ្សេង គឺខណៈគូប្រជែងរបស់ខ្លួនដួល ពេលនោះជាឱកាសជ្រៀតចូលរបស់លោកទៅក្នុងជំនួញនេះ។
ការចែករំលែក
៣យ៉ាងដើម្បីក្លាយជាអ្នករកស៊ីដែលជោគជ័យបាន
បទពិសោធន៍ ធនធាន និងបណ្ដាញ (Experiences +Investor +Network) គ្រប់ពេលវេលាយើងត្រូវដើរជាតួឯក សម្រាប់បង្កើនទំនុកចិត្តដល់អ្នកដែលចង់វិនិយោគ ងាយស្រួលក្នុងការកៀរគររកប្រភពទុនសម្រាប់បើកអាជីវកម្ម ដើម្បីមានបណ្ដាញក្នុងអំឡុងពេលធ្វើការនោះ កុំគិតថាធ្វើការតែមួយមុខ គឺត្រូវប្រឹងប្រែងស្គាល់គេឯងឲ្យបានច្រើន។ និយាយដូចនេះមានន័យថា ដើម្បីក្លាយជាតួឯក ចាំបាច់ត្រូវមានចំណេះដឹង និងបទពិសោធន៍ ធ្វើយ៉ាងណាឲ្យអ្នកជុំវិញយើងមានទំនុកចិត្ត ពិសេសអ្នកដែលមានប្រាក់ចង់វិនិយោគជាមួយ ឲ្យគេមានអារម្មណ៍ថា ខ្វះតួឯកម្នាក់នេះមិនបានឡើយ៕
http://news.sabay.com.kh
0 comments:
Post a Comment