វត្តមានរបស់កំពូលអាជីវករដ៏ជោគជ័យម្នាក់ គឺលោក ជី សិលា ឬជី ថ្ម
ដែលសព្វថ្ងៃលោក មិនត្រឹមតែជាម្ចាស់អាជីវកម្មជាច្រើនកន្លែង
តែថែមទាំងមានតួនាទីជាប្រធានសភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា(JCIC)
នៅក្នុងទំព័រនេះ
នឹងនាំមកនូវគន្លឹះប្រាំយ៉ាងក្នុងការដឹកនាំជីវិតឆ្ពោះទៅរក
ភាពជោគជ័យ។
ឆ្លងតាមបទពិសោធន៍ធ្វើការអស់រយៈពេលជាង
១០ឆ្នាំរបស់ខ្លួនដែលរួមទាំងការធ្វើការឲ្យគេ
និងធ្វើជាថៅកែគេផងនោះ លោក ជី សិលា
ហ៊ានបញ្ជាក់យ៉ាងច្បាស់ថាខ្សែជីវិតរបស់មនុស្ស
គឺប្រៀបបាននឹងរថភ្លើងដែលពឹងផ្អែកលើក្បាលរទេះភ្លើងមួយនេះជា
សំខាន់ ដើរតួនាទីក្នុងការទប់ ឬបត់បែនគ្រប់ពេលវេលា។
ដំណើរការណ៍ទៅមុខបាន រថភ្លើងត្រូវការសម្ភារៈមួយចំនួន
ហើយដូចគ្នាដែរ ដើម្បីខ្សែជីវិតជោគជ័យ
មនុស្សម្នាក់ៗក៏ត្រូវការធាតុផ្សំ ៥យ៉ាងដូចខាងក្រោម៖
១. ចរិតជាអ្នកសុទិដ្ឋិនិយម និងបើកចំហ
អ្នកដឹកនាំរូបនេះនិយាយថាលោកស្អប់បំផុតអ្នកដែលនិយាយថា[មិនអាច]។ ពាក្យថា “មិនអាច” គឺនឹងក្លាយជាហ្វ្រាំងដែលទប់បុគ្គលនោះមិនអាចធ្វើកិច្ចការអ្វី បានទាំងអស់។ គ្មានកិច្ចការអ្វីដែលយើងមិនអាចធ្វើបានទេ ដូចនេះការបើកគំនិតឲ្យបានទូលាយ មើលពីលទ្ធភាពដែលអាចធ្វើទៅបាន គិតសំដៅទៅមុខជានិច្ច គឺជាប្រការល្អសម្រាប់មនុស្សគ្រប់រូប។
២. ខំប្រឹងធ្វើការ
គ្មាន នរណាម្នាក់ដែលឆ្លាតជាងនរណានោះទេ។ មានបុគ្គលខ្លះគិតថាគេអាចធ្វើថៅកែបាន ដោយសារអ្នកនោះឆ្លាតជាងខ្លួន តែការពិតគឺកើតមកពីការខំប្រឹងប្រែង ឧស្សាហ៍ព្យាយាមទៅវិញទេ ដែលនាំឲ្យជោគជ័យ។ លោកបានសង្កត់ធ្ងន់ពីការខំប្រឹងប្រែងធ្វើការនេះថា ជាទូទៅថៅកែតែងធ្វើការច្រើនជាងនិយោជិត “កូនចៅធ្វើការ ៨ ម៉ោងក្នុង១ថ្ងៃ ថៅកែធ្វើដល់១៦ ម៉ោងឬច្រើនជាងហ្នឹង ថៅកែគិតច្រើនជាងបុគ្គលិក៣ដង ថៅកែធ្វើការពីរឆ្នាំ ស្មើអ្នកផ្សេងធ្វើ៤ឆ្នាំ…”។
៣. ធ្វើការឆ្លាត
ទន្ទឹមនឹងការខិតខំប្រឹងប្រែងធ្វើការ គ្រប់បុគ្គលទាំងអស់គួរតែចេះធ្វើកិច្ចការដោយភាពឆ្លាតវៃ។ ត្រង់ចំណុចនេះ លោកបញ្ជាក់ថា ធ្វើការឆ្លាតនេះ អាចថា ធ្វើកិច្ចការដែលខុសពីគេ និងល្អជាងគេ។ ដោយមិនចាំបាច់ថាត្រូវធ្វើឲ្យបានច្រើនជាងគេទេ តែត្រូវធ្វើកិច្ចការណាមួយឲ្យល្អ និងអ្នកផ្សេងធ្វើមិនដូច ឬមិនបានល្អដូចអ្នក។
៤. មានវិន័យ
មិន ថានៅកន្លែងណា គេតែងតែកំណត់នូវក្រឹត្យក្រម ឬគោលការណ៍សម្រាប់ទីនោះ។ លោកជី សិលា លើកឡើងថា ពេលខ្លះបុគ្គលមួយចំនួនដែលគោរពវិន័យដែលគេបានកំណត់ បែរជាមិនបានកំណត់វិន័យសម្រាប់ខ្លួនឯងទៅវិញ។ បុគ្គលគ្រប់រូបរស់នៅក្រោមការកែប្រែរបស់ខ្លួនឯង ដូចនេះមនុស្សគួរចេះរស់នៅក្រោមការកំណត់របស់ខ្លួនឯង មិនមែនអ្នកដទៃទេ។ ត្រង់នេះលោកចង់មានន័យថា ដើម្បីឲ្យជីវិតដំណើរការណ៍បានប្រសើរ បុគ្គលគ្រប់រូបចាំបាច់ត្រូវចេះកំណត់វិន័យ ឬគោលការណ៍សម្រាប់ខ្លួន សម្រាប់គ្រប់គ្រងការគិត និងទង្វើរបស់ខ្លួន។
៥. ការសម្រេចចិត្ត
ផ្អែក លើចំណុចទាំងបួនខាងលើ មនុស្សនឹងឈានដល់ការសម្រេចមួយ។ អ្វីៗទាំងអស់សុទ្ធតែកើតឡើងបន្ទាប់ពីការសម្រេចចិត្ត។ លោក ពន្យល់ថា បុគ្គលម្នាក់ត្រូវតែហ៊ានសម្រេចចិត្តដោយខ្លួនឯង ដោយចាំថា “យើងជាក្បាល មិនថាឈរត្រង់ចំណុចណា…ជាអ្នកដឹកនាំឬមិនមែន ត្រង់ចំណុចណាក៏ដោយ គឺយើងជាម្ចាស់នៃខ្លួនយើង យើងសម្រេចថាឲ្យទៅមុខ ឬនៅទីនេះ គឺអាស្រ័យលើការសម្រេចចិត្តរបស់យើងទាំងអស់”។ យ៉ាងណាមិញ ដើម្បីទទួលបានការសម្រេចចិត្តដែលត្រឹមត្រូវ បុគ្គលគ្រប់រូបត្រូវពឹងផ្អែកលើការវិនិច្ឆ័យរបស់ខ្លួន ដោយការវិនិច្ឆ័យនេះក៏អាស្រ័យលើចំណេះដឹង បទពិសោធន៍ ការផ្ដល់ដំបូន្មានពីអ្នកនៅជុំវិញជាគោល។
ការចែករំលែក បទពិសោធន៍ និងគន្លឹះជោគជ័យខាងលើ របស់លោកជី សិលា ប្រធានថ្នាក់ជាតិនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ធ្វើឡើងក្នុងកម្មវិធី Khmer Talk ដែលរៀបចំនៅសាកលវិទ្យាល័យZaman កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុននេះ សំដៅចូលរួមផ្ដល់បទពិសោធន៍ល្អៗទៅដល់និស្សិត ឬយុវវ័យជំនាន់ក្រោយក្នុងការដឹកនាំជីវិតទៅកាន់ភាពជោគជ័យ៕
ប្រភព http://cambodia.mx
0 comments:
Post a Comment