មានមនុស្សជាច្រើនជាពិសេសយុវវ័យជំនាន់ក្រោយដែលមានបំណងប្រាថ្នា
ចង់ក្លាយជាម្ចាស់អាជីវកម្មដ៏ជោគជ័យម្នាក់
មិនថាតែអាជីវកម្មខ្នាត តូច មធ្យម ឬ ធំក៏ដោយ។
តែដើម្បីដំណើរការអាជីវកម្មមួយ បានរលូន
ទាមទារឲ្យអ្នកគិតម៉ត់ចត់គ្រប់ជ្រុងជ្រោយទាំងអស់ដែលនេះបានធ្វើ
ឲ្យមនុស្សភាគច្រើនមានការរាថយខ្លាចបរាជ័យ។
តើមានគន្លឹះអ្វីខ្លះដើម្បីក្លាយជាម្ចាស់អាជីវកម្មជោគជ័យ?
ខណៈអាជីវកម្មរបស់ខ្លួនកំពុងទទួលភាពជោគជ័យ និង ដំណើរការណ៍យ៉ាងរលូននេះ លោក ង៉ោ សាង
អតីតគ្រូបង្រៀននៅសាកលវិទ្យាល័យ បៀលប្រាយ និងជាម្ចាស់ក្រុមហ៊ុន
Professional IT Group(PITG)
បានចូលរួមចែករំលែកគន្លឹះជោគជ័យអាជីវកម្មដោយផ្អែកបទពិសោធន៍ដែលលោក
បានឆ្លងកាត់កន្លងមកថា អាជីវកម្មបានជោគជ័យ គឺ
អាស្រ័យកត្តាដូចខាងក្រោម៖
១. មានគំនិត និងកំណត់គោលដៅច្បាស់លាស់៖ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ ត្រូវគិតយ៉ាងម៉ត់ចត់ ពីកត្តាពាក់ព័ន្ធទាំងអស់។
២. មានទំនាក់ទំនងល្អ៖ ចំណុចនេះ លោកចង់លើកទឹកចិត្ត អ្នកដែលមានបំណងចាប់ផ្ដើម ឬកំពុងធ្វើអាជីវកម្ម ត្រូវព្យាយាមស្វែងរកទំនាក់ទំនងជាមួយមនុស្សទូទៅ ជាពិសេសត្រូវចាត់ទុកគ្រប់គ្នាជាមិត្ត សូម្បីតែគូប្រកួតប្រជែង ដោយលោកមានជំនឿថាមាន ទំនាក់ទំនងល្អ ឬមិត្តភាព មានន័យថា អ្នកនឹងមានអ្នកទាំងនោះកំពុងគាំទ្រ អ្នកទាំងនោះអាចជួយគ្នាទៅវិញទៅមក ឬក៏អ្នកទាំងនោះនឹងផ្ដល់អត្ថប្រយោជន៍អ្វីមួយជាមិនខាន។
៣. យោគយល់ និងស្មោះត្រង់៖ ភាព ស្មោះត្រង់គឺចាំបាច់ណាស់សម្រាប់ការធ្វើអាជីវកម្ម ពោលគឺអាចនាំទៅរកការទុកចិត្តគ្នា។ ការធ្វើអាជីវកម្មដែលចេះយោគយល់គ្នា និងមានទំនុកចិត្តទៅវិញទៅមក នឹងនាំទៅរកភាពជោគជ័យយ៉ាងឆាប់រហ័ស។ ជាក់ស្ដែងក្នុងអាជីវកម្មរបស់លោកផ្ទាល់ ដែលអាចឈានដល់ចំណុចកំពូលរហូតមានលំហូរសាច់ប្រាក់ដល់ទៅ ៧លានដុល្លារ តែចំណូលប្រចាំខែតែ ៧០ម៉ឺន ដុល្លារ ពិតជាត្រូវការជាចាំបាច់ការទុកចិត្តគ្នាពីអ្នកផ្គត់ផ្គង់ ដើម្បីសម្រួលក្នុងការបង្វែរសាច់ប្រាក់ និងទំនិញទាន់ពេលវេលា។
៤. គ្រប់គ្នាសុទ្ធតែសំខាន់៖ ទាំង អ្នកផ្គត់ផ្គង់ និងអ្នកទិញ(អតិថិជន) សុទ្ធតែមានសារៈសំខាន់ដូចគ្នា ក្នុងកិច្ចការអាជីវកម្ម មិនអាចខ្វះមួយណាបាន។ ដូចនេះអ្នកគ្រប់គ្រងត្រូវតែ យកចិត្តទុកដាក់លើគ្រប់គ្នាទាំងអស់ បើមិនដូចនេះទេ ក្នុងចំណោមអ្នកទាំងនោះ អាចនឹងបំផ្លាញអាជីវកម្មរបស់អ្នកបាន។
៥. ដាក់ចិត្តធ្វើការយ៉ាងម៉ត់ចត់៖ មិន ថាមានបញ្ហាយ៉ាងណាកើតឡើង អ្នកត្រូវរិះរកគ្រប់មធ្យោបាយដោះស្រាយ កុំគេចឬបណ្ដោយ។ អ្នកអាចដោះស្រាយដោយខ្លួនឯង ឬស្វែងរកជំនួយខាងក្រៅ ជំនួសការបោះបង់អ្វីដែលបានកំណត់យ៉ាងច្បាស់តាំងពីដើមមកនោះ។
៦. ត្រូវចាំថា៖
-គ្មានអ្នកណា កើតមក មានប្រាក់ឬដើមទុនសម្រាប់ធ្វើអាជីវកម្ម សូម្បីរូបលោកផ្ទាល់ក៏មិនមានដើមទុនគ្រប់គ្រាន់ដែរ។
-គិតថាអ្នកចង់ធ្វើអ្វីមុន នឹងគិតថាទៅរកដើមទុនពីណា។
-គ្មាននរណាម្នាក់ ឬអ្នកជំនួញណាម្នាក់មានប្រាក់គ្រប់គ្រាន់សម្រាប់ដំណើរការ អាជីវកម្មរបស់ខ្លួនរហូតទេ គឺត្រូវការការពឹងពាក់។
សព្វថ្ងៃ ក្រុមហ៊ុន Professional IT Group ជាក្រុមហ៊ុនមួយដែលកំពុងតែមានសកម្មភាពឈានទៅមុខ យ៉ាងលេចធ្លោក្នុងប្រទេសយើង ដោយមាននាំចូលផ្ដាច់មុខ កម្មវិធីកម្ចាត់មេរោគ KASPERSKY និងគ្រឿងបន្លាស់កុំព្យូទ័រ ព្រមទាំងមានទំហំអាជីវកម្មធំឡើងៗ ក្រោមការដឹកនាំយ៉ាងឈ្លាសវៃរបស់ពាណិជ្ជករវ័យក្មេង ពោរពេញដោយបទពិសោធន៍ គួរកោតសរសើររូបនេះ។
តាមរយៈអត្ថបទនេះ មិត្តអ្នកអានទាំងអស់ក៏អាចពិចារណាលើគន្លឹះពិសេសខាងលើ ដោយយកមកអនុវត្តក្នុងជីវិតរបស់អ្នក។ Sabay ជឿជាក់ថាអ្នក ក៏អាចក្លាយជាម្ចាស់អាជីវកម្មជោគជ័យមួយបានដូចគ្នា៕
ប្រភព http://cambodia.mx
0 comments:
Post a Comment