កំណើនភ្ញៀវទេសចរជនជាតិចិន ក្នុង រយៈពេលបួន ខែដើមឆ្នាំ២០១៣
នេះមានការកើនឡើងចំនួន ៥៥ % បើធ្វើការប្រៀបធៀប
ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ របស់នាយកដ្ឋានស្ថិតិ និងព័ត៌មាននៃក្រសួងទេសចរណ៍។
ភ្ញៀវ
ទេសចរណ៍ចិន ស្ថិតនៅលំដាប់លេខរៀងទី៣ ក្នុងចំណោមភ្ញៀវទេសចរ
ដែលបានមកកម្សាន្ត ក្នុងប្រទេសកម្ពុជា
ខណៈកាលពីឆ្នាំមុនកម្ពុជាទទួលបានភ្ញៀវទេសចរចិនចំនួន ៣៣៣ ៨៩០
នាក់ កើនឡើងចំនួន ៣៥ % ហើយគ្រាន់តែបួនខែឆ្នាំ ២០១៣ ប៉ុណ្ណោះ
កម្ពុជាទទួលបានភ្ញៀវទេសចរចិនចំនួន ១៧៤ ១៥០ នាក់។
ក្រសួងទេសចរណ៍បានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ ក្នុងការទាក់ទាញភ្ញៀវទេសចរចិន ១,៣ លាននាក់នៅឆ្នាំ២០១៨ និង ៦០០ ០០០ នាក់នៅឆ្នាំ២០១៥។
លោក គឹម ហាក់ ជំនួយការអ្នកគ្រប់គ្រងប្រចាំក្រុមហ៊ុនទេសចរណ៍ PTM ប្រចាំនៅខេត្តរៀមរាបក៏បានមើលឃើញថាចំនួនភ្ញៀវទេសចរ ចិនដែលមកកម្សាន្ត នៅខេត្តសៀមរាបពិតជាមានច្រើនប្រាកដមែន។លោកបានបន្ថែមថា ការកើនឡើងច្រើននេះអាចបាន មកពីប្រព័ន្ធផ្សព្វផ្សាយ និងចំនួនប្រជាជនចិនមានច្រើន ហើយនៅឆ្នាំបន្តលោក សង្ឃឹមថាចំនួនភ្ញៀវ នឹងមានការកើនបន្ថែមទៀត ប្រសិនបើស្ថានភាពសង្គមនៅតែល្អ។
ទោះជាយ៉ាងណា លោក គឹម ហាក់ ក៏បានត្អូញត្អែថា តម្លៃសេវាសម្រាប់ដំណើរកម្សាន្ត របស់ភ្ញៀវជនជាតិចិនក៏មានការប្រកួតប្រជែងគ្នាជាខ្លាំងដែរ ខណៈក្រុមហ៊ុនលោកបច្ចុប្បន្ន ទទួលបានភ្ញៀវទេសចរសឹង្ហបុរី និងម៉ាឡេស៊ី ច្រើនជាងចិន។លោកថា “ក្រុមហ៊ុនខ្លះបានយកតម្លៃថោក ប៉ុន្តែបានតម្រូវឲ្យភ្ញៀវទិញនេះទិញនោះ ហើយមានដំណើរកម្សាន្តខ្លះត្រូវធ្វើឡើង២ឬ៣ ថ្ងៃ តែនាំភ្ញៀវដើរតែមួយទៅពីរថ្ងៃប៉ុណ្ណោះ”។
ទន្ទឹមគ្នាដែរ លោក មុត ណារិន អ្នកនាំភ្ញៀវទេសចរមួយប្រចាំនៅខេត្តសៀមរាប បាននិយាយថា ភ្ញៀវទេសចរចិនគឺស្ថិតនៅលំដាប់ទី៣ បន្ទាប់ពីភ្ញៀវកូរ៉េ និងវៀតណាម។ លោកថា ដោយសារកំណើនសេដ្ឋកិច្ចចិនមានការកើនឡើង ព្រមទាំងការចង់ដឹងពីភាពទាក់ទាញរបស់ប្រាសាទអង្គរ និងការមានទំនាក់ទំនងល្អរវាងរដ្ឋាភិបាលទាំងពីរ ទើបធ្វើឲ្យភ្ញៀវទេសចរមានការកើនឡើង។
កាលពីឆ្នាំមុន កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសមកកម្សាន្ត នៅក្នុងប្រទេសចំនួន ៣,៥៨ លាននាក់ ហើយថ្មីៗនេះទៀត រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវសុទិដ្ឋិនិយមថា កម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរបរទេស ក្នុងរង្វង់ ៤លាន ៥សែននាក់ នៅឆ្នាំ២០១៥ ខាងមុខ៕
ប្រភព http://news.sabay.com.kh
0 comments:
Post a Comment