ជំនួញរវាងប្រទេសកម្ពុជា និងថៃ
ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៣នេះ
មានជាទឹកប្រាក់១,៤៧៨.៨៩លានដុល្លារសហរដ្ឋអាមេរិក។
នេះបើតាមការឲ្យដឹងពីឯកឧត្ដម ម៉ៅ ថូរ៉ា
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកសម្ពោធពិព័រណ៍ពាណិជ្ជកម្ម កម្ពុជា-ថៃ ខារ៉ាវ៉ាន់ នៅកោះពេជ្រ ម្សិលមិញ។
ឯកឧត្ដម ឲ្យដឹងថា ក្នុងតួលេខនេះ ទំនិញថៃនាំចូលមកប្រទេសកម្ពុជា គឺគិតជាទឹកប្រាក់ប្រហែល១,៣៥៨.០១លានដុល្លា ខណៈទំនេញកម្ពុជានាំចូលទៅប្រទេសថៃវិញ សរុបប្រហែល១២០.៨៨លានដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ។
រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មដដែលបានលើកឡើងថា ពេញមួយឆ្នាំ២០១២កន្លងទៅ តួលេខពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺប្រហែល៤,០៣១.៧១លានដុល្លារ ដែលក្នុងនោះ ទំនិញថៃនាំចូលកម្ពុជាមានជាទឹកប្រាក់រហូតដល់៣,៧៨២.១៩លាន ដុល្លារ ខណៈទំនិញកម្ពុជានាំចូលទៅថៃវិញមានជាទឹកប្រាក់ប្រហែលត្រឹម ២៤៩.៥២លានដុល្លារប៉ុណ្ណោះ។
ពិព័រណ៍ពាណិជ្ជកម្ម កម្ពុជា-ថៃ ខារ៉ាវ៉ាន់ ដែលបើកសម្ពោធម្សិលមិញ នៅកោះពេជ្រ ជាផ្នែកមួយនៃការធ្វើជំនួញរួមគ្នារវាងប្រទេសទាំងពីរ។ ពិព័រណ៍ពាណិជ្ជកម្មនេះ មានស្តង់តាំងបង្ហាញចំនួន២៣០ របស់ក្រុមហ៊ុនខ្មែរ និងថៃចំនួន១៦៥ ដោយដាក់លក់ អាហារហូបចុក ភេសជ្ជៈ សម្ភារៈសំណង់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ សម្ភារៈសិក្សា គ្រឿងសម្អាង គ្រឿងអេឡិកត្រូនិក និងរបស់របរប្រើប្រាស់ជាច្រើនទៀត។ ពិព័រណ៍នេះនឹងបន្តធ្វើរហូតដល់ថ្ងៃស្អែក។
ប្រភព http://news.sabay.com.kh
0 comments:
Post a Comment