សម័យបច្ចុប្បន្ន យុវវ័យចូលចិត្តទិញសម្ភារៈ
ចាយលុយបំពេញតាមតម្រូវការ និងភាពទាន់សម័យរបស់ពួកគេ។
អ្នកខ្លះដកលុយមកសុទ្ធតែសន្លឹកដុល្លារ ចាយម្ដង១០ទៅ២០ដុល្លារ ខ្លះអាចដល់ទៅ៥០ ឬ១០០ដុល្លារក៏មានដែរ។ តើចាយលុយដុល្លារបញ្ជាក់ពីភាពឡូយឆាយទាន់សម័យមែនទេ?
និស្សិត ស្រី ខុត ស្រីណិច សិក្សាជំនាញអក្សរសាស្ត្រអង់គ្លេស នៅសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បាននិយាយថា ការកាន់លុយដុល្លារក្នុងដៃដូចជាបង្ហាញថា ពួកគេមានភាពលេចធ្លោជាងអ្នកកាន់លុយរៀល។
ស្រីណិច បន្តថា៖ “ម៉ាសន្លឹកទេ តែមើលទៅឡូយហ្មង! បើគិតជាលុយខ្មែរវាច្រើន។ ខ្ញុំគ្រាន់តែឃើញគេដកដុល្លារមកចាយ ដឹងតែគេមានលុយច្រើនសម្បូរ ចាយហើយទាន់សម័យទៀត។ ហើយឥវ៉ាន់សុទ្ធតែគិតជាលុយដុល្លារទៀត ទិញអាប់អីវាលឿន មិនបាច់គិតជាលុយខ្មែរចុះឡើង”។
រីឯយុវជន ពិសិដ្ឋ និស្សិតជំនាញកុំព្យូទ័រ បាននិយាយទាំងមុខមាំថា៖ “ឡូយមែនហ្នឹង! បើបានបង្ហាញនៅមុខស្រីៗទៀត រឹតតែល្អ ព្រោះអាចបង្ហាញពីភាពទាន់សម័យរបស់យើង មិនសូវបាក់មុខផង។ បើនៅតែរវល់រាប់លុយ២ ទៅ៣ម៉ឺនរៀលនៅមុខគេ ជួនកាលមានកន្ទុយប៉ុន្មានរយទៀត ខ្មាសគេណាស់ទម្រាំតែគ្រប់”។
ផ្ទុយ ទៅវិញ យុវជន ឡាយ សំណាង សិស្សនៅវិទ្យាល័យព្រះស៊ីសុវត្ថិ បាននិយាយថា វាមិនសំខាន់ថាលុយណាកាលីបជាងលុយណាទេ ព្រោះពេលចាយទៅ លុយវាមានតម្លៃដូចតែគ្នា។ រូបគេបានបន្ថែមទៀតថា មនុស្សកាលីប ឬមិនកាលីប មិនសំដៅលើការចាយលុយដុល្លារទេ ក៏ប៉ុន្តែវាសំដៅលើការស្លៀកពាក់សមរម្យ មានចំណេះដឹង និងនិយាយស្ដីត្រឹមត្រូវ។
សម្រាប់និស្សិតស្រី សិក្សាជំនាញគណនេយ្យ នៅវិទ្យាស្ថានវ៉ាន់ដា កញ្ញា ឡុង ស្រីល័ក្ខ បានលើកឡើងថា ការចាយលុយដុល្លារវាមិនមែនធ្វើឲ្យអ្នកកាលីបនោះទេ តែវាជាទង្វើមួយដែលអ្នកកំពុងតែមិនឲ្យតម្លៃលើលុយខ្មែរ។ កញ្ញា បានបញ្ជាក់បន្ថែមទៀតថា៖ “បើអីចឹងមិនមែនមានគេរត់ទៅដូរលុយដុល្លារយកលុយខ្មែរចាយទេបង! លុយខ្មែរគេនៅតែត្រូវចាយដដែល អីចឹងលុយដុល្លារគ្មានកាលីបអស្ចារ្យទៅណាជាងលុយខ្មែរទេ”។
បើ តាមលោក ច័ន្ទ សុផល អ្នកវិភាគសេដ្ឋកិច្ចវិញ បានលើកឡើងថា ការចាយវាយលុយដុល្លារបានក្លាយជារឿងសាមញ្ញនៅក្នុងសង្គមខ្មែរទៅ ហើយ ហើយវាក៏មិនបញ្ជាក់ពីភាពកាលីប ឬឡូយឆាយអីដែរ ដោយសារទំនិញភាគច្រើនគិតជាលុយដុល្លារតាំងពីយូរណាស់មកហើយ។
អ្នក វិភាគរូបនេះបានបន្តទៀតថា អ្នកដែលចាយលុយដុល្លារគ្រាន់តែចង់បង្ហាញពីមុខមាត់របស់គេតែ ប៉ុណ្ណោះ។ ផ្ទុយទៅវិញ មិនមែនមានតែមនុស្សម្នាក់ទេដែលមានលុយដុល្លារចាយនោះ ឥឡូវអ្នកណាក៏មានដែរ។
ចុះអ្នកវិញ តើចាយលុយដុល្លារកាលីបសម្រាប់អ្នកអត់?
ប្រភព http://news.sabay.com.kh
0 comments:
Post a Comment