ក្រុង ប៉ារីសៈ
ក្រុមហ៊ុន Airbus SAS
បានប្រកាសពីកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនជួលយន្តហោះ Doric
Asset Finance Ltd ក្នុងការបញ្ជាទិញយន្តហោះពីរជាន់ប្រភេទ A380
ចំនួន ២០គ្រឿងតម្លៃ៨,១ពាន់លានដុល្លារតម្លៃក្នុងបញ្ជី។
ក្រុមហ៊ុន Doric និងក្រុមហ៊ុន Airbus
បានប្រកាសអនុស្សរណៈយោគយល់កាលពីម្សិលមិញនៅពិព័រណ៍យន្តហោះក្រុង
ប៉ារីសលើកទី៥០ បន្ទាប់ពីទីភ្នាក់ងារ Bloomberg រាយការណ៍ម្សិលមិញថា
ក្រុមហ៊ុនទាំងពីរគ្រោងប្រកាសកិច្ចព្រមព្រៀងមួយ។ ជាធម្មតា
អតិថិជនបង់តម្លៃចុះភាគរយលើតម្លៃក្នុងបញ្ជី។
ក្រុមហ៊ុនផលិតយន្តហោះ Airbus
បានព្យាយាមបង្កើនតម្រូវការយន្តហោះខ្នាតធំបំផុតរបស់ខ្លួនឲ្យ
សម្រេចបានតាមទិសដៅលក់ចំនួន២៥គ្រឿងដោយសារចាប់តាំងពីដើមឆ្នាំ
រហូតមកដល់ពេលនេះនៅពុំមានការបញ្ជាទិញថ្មីច្បាស់លាស់នៅឡើយទេ។
យន្តហោះប្រភេទ A380 មានតម្លៃ៤០៣,៩លានដុល្លារក្នុងតារាងតម្លៃ។
ក្រុមហ៊ុន Doric បានផ្តល់ហិរញ្ញប្បទានទិញយន្តហោះប្រភេទ A380s
សម្រាប់ជួលឲ្យ ក្រុមហ៊ុន Emirates ដែលជាប្រតិបត្តិករយន្តហោះធំជាងគេ
និងសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines Ltd
ដែលជាអតិថិជនដំបូងជួលយន្តហោះខ្នាតធំនេះនៅឆ្នាំ២០០៧។
រហូតមកដល់ខែឧសភាឆ្នាំនេះ
មានយន្តហោះប្រភេទA380
ចំនួន១០៣គ្រឿងកំពុងផ្តល់សេវាហោះហើរដោយក្រុមហ៊ុន Emirates
ប្រើប្រាស់យន្តហោះប្រភេទនេះចំនួន៣៣គ្រឿង។ ក្រុមហ៊ុន Doric
នឹងក្លាយជាក្រុមហ៊ុនជួលយន្តហោះតែមួយគត់ដែលទិញយន្តហោះខ្នាត
យក្សនេះបន្ទាប់ពីក្រុមហ៊ុន International Lease Finance Corp
បានបោះបង់ផែនការទិញយន្តហោះនេះមក។
លោក Stefan Schaffrath
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Airbus
ដែលមានមូលដ្ឋាននៅទីក្រុងទូលូប្រទេសបារាំង
បានបដិសេធមិនធ្វើការអធិប្បាយពីបញ្ហានេះទេ ចំណែកឯលោក Irena
Badelska អ្នកនាំពាក្យរបស់ក្រុមហ៊ុន Doric
ក៏បានបដិសេធមិនអធិប្បាយផងដែរ។
ក្រុមហ៊ុន Doric
ដែលបានបង្កើនចំនួនយន្តហោះប្រភេទ A380 ឲ្យអតិថិជនផ្សេងៗទៀតនោះ
បានឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួនមើលឃើញថា
តម្រូវការយន្តហោះកំពុងកើនឡើង
ខណៈប្រតិបត្តិករថ្មីៗរួមមានក្រុមហ៊ុន British Airways
កាន់តែចូលចិត្តយន្តហោះប្រភេទនេះ។ ក្រុមហ៊ុនBritish Airways
នឹងទទួលយន្តហោះលើកដំបូងរបស់ខ្លួនប្រភេទ A380 នេះនៅថ្ងៃទី៤
ខែកក្កដាខាងមុខនេះហើយយន្តហោះប្រភេទនេះ
នឹងបង្ហាញខ្លួននៅក្នុងពិធីពិព័រណ៍យន្តហោះនៅក្នុងទីក្រុងប៉ារីស
ក្នុងឆ្នាំនេះ។
យោងតាមគេហទំព័រក្រុមហ៊ុន Doric
ចាប់ពីការបង្កើតក្រុមហ៊ុននៅឆ្នាំ២០០៥ក្រុមហ៊ុន Doric
មានយន្តហោះ៣៥គ្រឿង
និងគ្រប់គ្រងទ្រព្យសកម្មដែលមានតម្លៃ៧ពាន់លានដុល្លារ
គិតត្រឹមខែឧសភា ឆ្នាំ២០១៣៕ប្រភព http://www.ksn-news.com
0 comments:
Post a Comment