Saturday, June 15, 2013

សេវា​បង់​រំលស់ថ្លៃ​សិក្សា​ កូន​អ្នក​ក្រ​មិន​អស់​សង្ឃឹម​ទៀត​ទេ

នា​ពេល​កន្លង​មក​ ធ្លាប់​មាន​តែ​សេវា​ធានារ៉ាប់រង​​លើ​ការ​ទិញរម្លស់​ អចលនទ្រព្យ​ដូច​ជា​ រថយន្ត ម៉ូតូ ទូរសព្ទ​ជាដើម ​តែ​ឥឡូវ​នេះ​​ មាន​​សេវា​បង់​រម្លស់​​​​ថ្លៃ​​សិក្សា​ហើយ។
សាកលវិទ្យាល័យ​វេស្ទើន​ បាន​ផ្ដល់​សេវា​​បង់រម្លស់​ថ្លៃ​​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ​ហើយ​​អ្វី​ដែល​ជា​ចំណុច​ពិសេសនៃ​សេវា​កម្ម​នេះ​​​ គឺ​​មាន​​​ផ្ដល់​ជូន​តែ​សិស្ស​​ក្រីក្រ ខ្វះ​លទ្ធភាព​​តែ​ប៉ុណ្ណោះ​។

ឯកឧត្ដម តែ ឡូរិន សាកល​វិទ្យាធិការ​ នៃ​សាកលវិទ្យាល័យ​វេស្ទើន
ខាង ​ក្រោម​នេះ​ ជា​កិច្ច​សម្ភាសន៍ របស់​​​អ្នកយកព័ត៌មាន ​Sabay ជាមួយ ឯកឧត្ដម តែ ឡូរិន សាកល​វិទ្យាធិការ​ នៃ​សាកលវិទ្យាល័យ​វេស្ទើន ជុំវិញ​សេវា​បង់​រម្លស់​ ឈ្មោះ​ថា Student loan ។
Sabay​៖ ជម្រាបសួរ! តើ​អ្វី​ទៅ​ជា​សេវា Student loan?
ឯកឧត្ដម តែ ឡូរិន​ ៖ Student loan ​ជា​សេវា​ផ្ដល់​ប្រាក់​កម្ចី​ដល់​និស្សិត​ក្រីក្រ សម្រាប់​បង់​ថ្លៃ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ នៅ​សាកលវិទ្យាល័យ រយៈ ពេល​៤​ឆ្នាំ​ រហូត​ដល់​ចប់​​កម្មវិធី​សិក្សា​ ដែល​ទំហំ​ទឹក​ប្រាក់​ស្មើ​​នឹង​​ ១៦៨០​ ដុល្លារ។ សាកលវិទ្យាល័យ​បាន​ផ្ដល់​សេវា​ប្រាក់​កម្ចី​នេះ​ ជូន​និស្សិត​ចំនួន​ ៣០​នាក់​ប៉ុណ្ណោះ​ ក្នុង​មួយ​ឆ្នាំ​ៗ។
Sabay​៖​ សេវា​ Student loan នេះ​បាន​បង្កើត​នៅ​ឆ្នាំ​ណា​ និង​ក្នុង​គោលបំណង​អ្វី​ដែរ​?
ឯកឧត្ដម តែ ឡូរិន ៖ ​​សេវាកម្ម ​នេះ​​​​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១០ ក្នុង​គោល​បំណង​​​ជួយ​ដល់​និស្សិត​ក្រីក្រ​ខ្វះ​លទ្ធភាព​​ បង់​ថ្លៃ​សិក្សា​ ឲ្យ​ទទួល​បាន​ឱកាស​សិក្សា ដោយ​ប្រើប្រាស់​កម្ចី​គ្មាន​ការ​ប្រាក់​។
មូលហេតុ ​ម្យ៉ាង​ទៀត​ដែល​នាំ​ឲ្យ​​ឈាន​ដល់​ការ​បង្កើត​​​​សេវា​កម្ចី​នេះ គឺ​មក​ពី​រូប​​ខ្ញុំ​ផ្ទាល់​ ​កាល​ពី​​អតីតកាល​ ជា​កូន​អ្នក​ក្រីក្រ ធ្លាប់​ឆ្លង​កាត់​​​បទពិសោធន៍​​ខ្វះ​លទ្ធភាព​សិក្សា​ ដូច្នេះ​​ខ្ញុំ​​​​យល់​ឃើញ​ថា មិន​គួរ​បណ្ដោយ​ឲ្យ​ធនធាន​មនុស្ស​វ័យ​ក្មេង​ ដែល​មាន​សក្ដានុពល​ បែរ​​ជា​បាត់បង់​ឱកាស​អភិវឌ្ឍន៍​សមត្ថភាព ខូច​អនាគត​ ដោយសារ​តែ​បញ្ហា​ហិរញ្ញវត្ថុ​​នោះ​ទេ។
Sabay​៖​ តើ​លក្ខខណ្ឌ​អ្វី​ខ្លះ​ ដើម្បី​​ឈាន​ដល់​ការ​ទទួល​បាន​ប្រាក់​កម្ចី​នេះ?
ឯកឧត្ដម តែ ឡូរិន៖ ងាយស្រួល​បំផុត គឺ​​ឲ្យ​តែ​ជា​សិស្ស​ដែល​​ទើប​ប្រឡង​ជាប់​បាក់ឌុប មាន​និទ្ទេស​ចាប់​ពី​ D ​ឡើង​លើ​ ហើយ​​​មាន​ស្ថានភាព​ជីវភាព​គ្រួសារ​ក្រីក្រ​ពិតប្រាកដ ដោយ​មាន​ការ​បញ្ជាក់​ច្បាស់លាស់​ពី​អាជ្ញាធរ​មូលដ្ឋាន​ដែល​គាត់​រស់នៅ​ និង​​មិន​ប្រើប្រាស់​ឯកសារ​ខុស​​ប្រក្រតី​ គឺ​សាកល​វិទ្យាល័យ​មាន​គណៈកម្មការ​វាយ​តម្លៃ ចុះ​ដល់​មូលដ្ឋាន​សិស្ស​​នោះ​តែ​ម្ដង​។
Sabay​៖ តើ​ការ​បង់​រម្លស់​ ត្រលប់​មក​វិញ​យ៉ាង​ដូចម្ដេច​ខ្លះ​ ?
ឯកឧត្ដម តែ ឡូរិន៖ ដើម្បី​ឲ្យ​ងាយយល់​ ដំបូង​ត្រូវ​ដឹង​ពី​​តម្លៃ​នៃ​ការសិក្សារ​សិន ១ឆ្នាំ​និស្សិត​ត្រូវ​​បង់​តម្លៃ​៤២០​ដុល្លារ ​សរុប​រយៈ​ពេល ៤​ឆ្នាំ​ ស្មើនឹង ១៦៨០​ដុល្លារ ។ នៅ​រយៈ​ពេល​សិក្សារ៤​ឆ្នាំ​នេះ​​ សាកលវិទ្យាល័យ​មិន​បាន​កំណត់​ ចំនួន​ប្រាក់​បង់​​​រម្លស់​​ប្រចាំខែ​ដល់​និស្សិត​ទេ មាន​ន័យ​ថា ​ក្នុង​អំឡុង​ពេល​នេះ និស្សិត​​ចង់​បង់​ប្រាក់​ខ្លះ​ អាច​បង់​បាន​តាម​លទ្ធភាព។  ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ហើយ  អ្នក​​ដែល​​បង់​បាន​​ខ្លះ​​ សាលា​នឹង​យក​តម្លៃ​សរុប​រយៈ​ពេល​ឆ្នាំ​ស្មើនឹង​​១៦៨០​ដុល្លារ ដក​​ចំនួន​ទឹក​ប្រាក់​​ដែល​គាត់​​បាន​បង់​រម្លស់​​កន្លង​មក​។  ​ពេល​​ទើប​​បញ្ចប់​ភ្លាម​ បើ​គាត់​មាន​លុយ​បង់​ទាំង​អស់​ភ្លែត​​ គាត់​ពុំ​ត្រូវ​បង់​ការ​ប្រាក់​អ្វី​ទេ។ ប៉ុន្តែ​បើ​គាត់​ជ្រើស​បង់​នៅ​ពេល​ណា​ដែល​គាត់​មាន​ សាលា​នឹង​​គិត​ការ​ប្រាក់​ស្មើ​នឹង​ 0.5 (កន្លះ​) ភាគរយ​ក្នុង​១​ខែ  ឬ​៦ភាគរយ​ក្នុង​ឆ្នាំ​។
Sabay​៖ បើ​រៀន​ចប់​ហើយ​ ពួកគាត់​​រក​ការងារ​ធ្វើ​មិន​បាន គ្មាន​លទ្ធភាព​សង តើ​សាកលវិទ្យាល័យ​នឹង​ចាត់​វិធានការ​យ៉ាងណា​?

ឯកឧត្ដម តែ ឡូរិន៖ ក្នុង​លក្ខខណ្ឌ​ ​បើសិនជា​និស្សិត​រៀនចប់​ហើយ​ តែ​​ពួកគេ​មិន​ទាន់​រក​ការងារ​ធ្វើ​បាន គ្មាន​លទ្ធភាព​សង​រម្លស់​​​ ការ​​ប្រាក់នៅ​តែ​​​គុណ​​ជា​​បន្ត​បន្ទាប់ ប៉ុន្តែ​សម្រាប់​សាកលវិទ្យាល័យ​មិន​មាន​វិធានការ​ណា ដើម្បី​បង្ខំ​ឲ្យ​សង​​នោះ​ទេ។
ចំណុច​មួយ​ទៀត សម្រាប់​សាកលវិទ្យាល័យ​ ពួកគាត់​គឺ​ជា​​មនុស្ស​ដែល​នៅ​ក្នុង​អាទិភាព ទទួល​បាន​ការងារ​ពី​សាកលវិទ្យាល័យ​វិញ ក៏​ដូចជា​ក្រុមហ៊ុន​ដៃគូ​ ដែល​ចង់​បាន​បុគ្គលិក​ សាកលវិទ្យាល័យ​នឹង​ជំរុញ​ពួក​គាត់​ភ្លាម​ ដូច្នេះ​បញ្ហា​ដែល​ថា​គ្មាន​លទ្ធភាព​សង គឺ​ភាគ​រយ​តិច​ខ្លាំង​ណាស់​។
Sabay​៖ តើ​ការ​បង្កើត​ឡើង​នូវ​សេវា​នេះ ​​នឹង​ជួយ​​អ្វី​ខ្លះ​យុវជន​ខ្មែរ​?
ឯកឧត្ដម តែ ឡូរិន៖ នេះ ​ជា​គម្រោង​សាកល្បង​នៅ​ឡើយ​ បើសិនជា​គម្រោង​មួយ​នេះ​ជោគជ័យ​ នា​ពេល​អនាគត​ ខ្ញុំ​នឹង​ជួយ​ជំរុញ​ឲ្យ​សាកលវិទ្យាល័យ​ដទៃ​ទៀត អនុវត្ត​គម្រោង​នេះ ធ្វើការ​ផ្ដល់​កម្ចី​បែប​នេះ​កាន់​តែ​ច្រើន។​ បើសិនជា​សាកលវិទ្យាល័យ​មួយ​​អាច​ផ្ដល់​បាន​៣០០​នាក់ ចុះ​បើ​សាកលវិទ្យាល័យ​៤០​ស្មើ​ប៉ុន្មាន​។ ដូច្នេះ​ខ្ញុំ​គិត​ថា គម្រោង​​នឹង​រីក​ធំ​ឡើង​ជួយ​បង្កើត​​ឱកាស​កាន់​តែ​ច្រើន ដល់​យុវជន​ខ្មែរ ​។
ចំពោះ ​គម្រោង​ Student loan មក​ទល់​បច្ចុប្បន្ន​នេះ សាកលវិទ្យាល័យ​វេស្ទើន ទទួល​បាន​និស្សិត​ជាង​៥០​នាក់​ហើយ​។ គម្រោង​ថ្មី​ នឹង​ចាប់​ផ្ដើម​ផ្ដល់​ជូន​សិស្ស​ក្រីក្រ​នៅ​ក្រោយ​ពេល​ប្រកាស​ពេល​ប្រឡង​ បាក់ឌុប​​រួច ដូច្នេះ​និស្សិត​អាច​ទាក់ទង​មក​សាកលវិទ្យាល័យ​វេស្ទើន​​ដើម្បី​ទទួល​បាន​ សេវាក​ម្ម​​នេះ៕

ប្រភព http://news.sabay.com.kh

0 comments:

Post a Comment