ការចម្លងអាជីវកម្មតាមគ្នាត្រូវបានគេមើលឃើញថា
កើតមានជាទម្លាប់ពេលមានអាជីវកម្មណាមួយកំពុងត្រូវប៉ាន់។
ជាក់ស្ដែង មួយរយៈមុន ការលក់ទូរសព្ទត្រូវប៉ាន់ គេសង្កេតឃើញថា
មានការបើកហាងលក់ទូរសព្ទតាមគ្នាយ៉ាងព្រោងព្រាត
ដល់ពេលដួលរលំក៏ដូលតាមគ្នាដែរ។
ថ្មីៗនេះ
អាជីវកម្មថ្មីមួយទៀតក្នុងរាជនាធីភ្នំពេញ
នោះគឺការលក់ទំនិញចម្រុះ ដោយមុខហាងមានដាក់យីហោថា
តម្លៃ២៥០០រៀល ទើបកើតថ្មី ស្រាប់តែការចម្លងតៗគ្នា។
តើការចម្លងអាជីវកម្មលឿនបែបនេះ អាចប្រឈមនឹងការដួលរលំដែរ
ឬយ៉ាងណា? តើមុខរបរនេះអាចនឹងដើរតាមគន្លងហាងទូរសព្ទដែរ ឬទេ?
យុវជន
សំអូន និស្សិតឆ្នាំទី២ ជំនាញគ្រប់គ្រងអាជីវកម្ម បានឲ្យដឹងថា
កាលពីប៉ុន្មានខែមុន មានហាងលក់ទំនិញតម្លៃថោកមួយប៉ុណ្ណោះ
ហើយដំបូងយុវជនរូបនេះក៏យល់ថា
ជាការលក់ឡាយឡុងទំនិញបាតឃ្លាំង
គឺអំពាវនាវថោកឲ្យឆាប់លក់ដាច់អស់ ប៉ុន្តែមកដល់ពេលនេះ ទើប
សំអូន ដឹងថា នេះគឺជាមុខរបរថ្មី
ព្រោះឃើញបើកស្ទើរគ្រប់កន្លែងតែម្ដង។
សំអូន
បាននិយាយដូច្នេះថា៖ “ដំបូងស្មានតែឡាយឡុងមែនទែន
ការពិតជាស្ទីលថ្មីសោះ ធ្វើបែបយូរៗទៅ អ្នកទិញលែងហ៊ានទិញហើយ
ព្រោះលែងជឿថា វាជារបស់ឡាយឡុងនោះទេ”។
ចំណែក កញ្ញា ចែវ
ម៉ារីណែត និស្សិតឆ្នាំទី៣ជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នៃសាកលវិទ្យាល័យន័រតុន បានឲ្យដឹងថា កញ្ញា
ធ្លាប់ឃើញហាងច្រើនកន្លែង
និងធ្លាប់បានចូលទិញទំនិញទាំងនោះមកប្រើឃើញថា អាចប្រើការបាន
ហើយធូរថ្លៃទៀតផង
ហើយកញ្ញាសប្បាយចិត្តនឹងទិញទំនិញថោកទាំងនោះណាស់។
ទោះជា
យ៉ាងនេះក្ដីក៏កញ្ញាសំដែងក្ដីបារម្ភដែរថា៖
“ទីផ្សារក៏ចាប់ផ្ដើមចង្អៀតដែរ
ព្រោះមើលឃើញមានដាក់លក់ច្រើនកន្លែងដែរ
មានកន្លែងខ្លះលក់ត្រឹមតម្លៃ ២៤០០រៀលទៀតផង
ពិសេសគឺទំនិញទាំងនោះស្រដៀងៗគ្នា”។
រីឯ កញ្ញា សន ម៉ូលីការ
និស្សិតឆ្នាំទី២ ជំនាញសេដ្ឋកិច្ច បានឲ្យដឹងថា ហាង២៥០០រៀលនេះ
គឺចម្លងពីប្រទេសជប៉ុន ឈ្មោះថាហាង១០០យ៉េន។
វាគឺជាមានយុទ្ធសាស្ត្រយកចំណេញតិច តែលក់បានច្រើន
ដូច្នេះហាង២៥០០រៀល នៅស្រុកខ្មែរក៏ដូចគ្នាដែរ។
យុវតីរូបនេះ
បានបន្ថែមថា៖ “ប៉ុន្តែអ្វីដែលខ្ញុំគិត
ពេលប្រកួតប្រជែងច្រើនបែបនេះ អ្នកមានទុនច្រើនអាចទម្លាក់ថ្លៃ
រហូតដល់អ្នកដើមទុនតិចដួលរលំ
ហើយគេនឹងចាប់យកទីផ្សារផ្ដាច់មុខតែម្ដង”។
មានការយល់ឃើញ
ស្រដៀងគ្នាដែរ អ្នកនាង ហ៊ឹម សុភ័ក្ត្រ ម្ចាស់ហាងឡៃឡុង ២៥០០រៀល
នៅជិតវិមានឯករាជ្យ បានឲ្យដឹងថា
ទំនិញទាំងនេះមិនមែនជាឥវ៉ាន់ខូចគុណភាព ឬបាតឃ្លាំងអ្វីនោះទេ
គឺជាឥវ៉ាន់នាំចូលមកពីក្រៅប្រទេស
ដែលមានគុណភាពអាចប្រើប្រាស់បាន
ហើយមូលហេតុដែលទំនិញនេះលក់ថោកនោះ ព្រោះបងស្រីនាំចូលមកច្រើន
មានទំនិញខ្លះនាំចូលមកទាំងកុងតឺន័រតែម្ដង
ដូច្នេះធ្វើឲ្យតម្លៃទំនិញធូរថ្លៃ។
ម្ចាស់ហាងរូបនេះបាន
បន្ថែមថា នេះជាយុទ្ធសាស្ត្រថ្មី។ ការលក់ទំនិញជម្រុះបែបនេះ
មានទំនិញខ្លះអាចមានចំណេញ តែទំនិញខ្លះវិញលក់ថ្លៃដើម
និយាយរួមគឺវិធីសាស្ត្រសុខចិត្តចំណេញតិច
ប៉ុន្តែធ្វើយ៉ាងណាឲ្យលក់ដាច់បានចំនួនច្រើន។
ដោយសារកាក់កប
ជាមួយមុខរបរនេះ ហ៊ឹម សុភ័ក្ត្រ
បានពង្រីកហាងទំនិញ២៥០០រៀលនេះមួយកន្លែងទៀត តំបន់ទួលគោក
ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី
ក៏ម្ចាស់ហាងរូបនេះនៅតែមានក្ដីបារម្ភ
ខណៈមើលឃើញមានការបើកអាជីវកម្មដូចៗគ្នានេះច្រើនៗឡើងធ្វើឲ្យ
ការប្រកួតប្រជែងកាន់តែពិបាកទៅៗ។
ហ៊ឹម សុភ័ក្ត្រ
បាននិយាយយ៉ាងនេះថា៖ “ចំពោះអ្នកប្រើប្រាស់
គឺតែងតែចង់បានអ្វីដែលថ្មីរហូត
ដូច្នេះចំពោះការពង្រីកបន្ថែមសាខា
ឬយ៉ាងណានោះចាំមើលទីផ្សារសិន ព្រោះឃើញមានការបើកច្រើនហើយ
ហាងដូចគ្នាបែបនេះខ្លាចគ្មានទីផ្សារ”។
លោក ច័ន្ទ សុផល
ប្រធានសមាគមអ្នកសេដ្ឋកិច្ចកម្ពុជាបានបង្ហាញចំណាប់ថា
សង្គមខ្មែរពិតជាទម្លាប់ចម្លងតៗគ្នាមែន
ដូចជាមួយរយៈមុនទីផ្សារទូរសព្ទកំពុងរីកឡើង
គឺឃើញថាបើកតគ្នាយ៉ាងព្រោងព្រាត រហូតដល់ដំណាក់កាល ទុំជោរ
បិទទៅវិញជាបន្តបន្ទាប់ដែរ។
លោកថា
ការនិយមបើកអាជីវកម្មតាមគ្នានេះមិនមែនជារឿងអាក្រក់ទេ
នៅពេលឃើញមុខរបរមួយកំពុងត្រូវប៉ាន់ ហើយចម្លងតាមគ្នានោះ
ដើម្បីឆកយកឱកាសទទួលបានប្រាក់ចំណេញ
ប៉ុន្តែអ្វីដែលជាបញ្ហានៅត្រង់ថា
ការចម្លងតាមគ្នានោះធ្វើឡើងដោយងងឹតងងុល
គ្មានការសិក្សាពីទីផ្សារ
និងវិភាគតម្រូវការរបស់អ្នកទិញឲ្យបានច្បាស់លាស់នោះទេ
ជាក់ស្ដែងដូចជំនាន់ដីត្រូវប៉ាន់
គឺអ្នកមានលទ្ធភាពគិតតែពីទិញតាមគ្នា
គឺទិញលើសថ្លៃពិតទៅទៀត រហូតដល់លើសតម្លៃ។
លោក បានបន្ថែមថា
ក្នុងគោលការណ៍ទីផ្សារសេរី ត្រូវតែមានការប្រកួតប្រជែង
អ្នកប្រកួតកាន់តែច្រើន កាន់តែល្អ
ព្រោះនាំផលប្រយោជន៍ឲ្យអ្នកទិញនូវតម្លៃមួយទាបបំផុត
ប៉ុន្តែការប្រកួតប្រជែង គឺអាស្រ័យលើទីផ្សារដែរ។ លោកថា
បើតម្រូវការធ្លាក់ចុះ
អ្នកផ្គត់ផ្គង់ច្រើនជាងអ្នកទិញនោះនឹងធ្វើឲ្យអ្នកផ្គត់ផ្គង់ខាត
បង់មិនខាន។
ចំណែកឯអាជីវកម្មដែលមានការចម្លងគ្នាលឿនបែប
នេះអាចប្រឈមនឹងការដួលរលំ
ដោយសារការប្រកួតប្រជែងមិនស្មោះត្រង់
ព្រោះអ្នកដែលមានធនធានអាចលក់ត្រឹមថ្លៃដើម
ដើម្បីផ្ដួលគូរប្រជែងរបស់ខ្លួន។
ប៉ុន្តែលោក ច័ន្ទ សុផល
បានបន្ថែមថា៖ “ការប្រកួតប្រជែងបែបនេះ
បើនៅប្រទេសខ្លះគឺអាចប្រឈមជាមួយច្បាប់
បើសិនជាមានការលក់ក្រោមថ្លៃដើម
ឬប្រកួតប្រជែងមិនស្មោះត្រង់នោះ”។
ប្រភព http://news.sabay.com.kh
Saturday, June 15, 2013
ការចម្លងអាជីវកម្មតាមគ្នា អាចប្រឈមនឹងការដួលរលំមែនឬ?
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment