Friday, June 21, 2013

វិស័យ​ផលិតកម្ម​ចិន​ធ្លាក់​ដល់​កម្រិត​ទាប

ក្រុង ប៉េកាំងៈ ក្រុមហ៊ុន HSBC បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា សកម្មភាព​ផលិតកម្ម​របស់​ចិន​បាន​ធ្លាក់​ចុះ​ជា​ថ្មី​ម្តង​ទៀត​នៅ​ខែ​មិថុនា​ នេះ​ដោយ​ធ្លាក់​ចុះ​ខ្លាំង​បំផុត​ក្នុង​រយៈ​ពេល​៩​ខែ​ព្រម​ទាំង​ជំរុញ​ឲ្យ​ មាន​ក្តី​បារម្ភ​អំពី​ភាព​រឹង​មាំ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​មាន​ សេដ្ឋកិច្ច​ធំ​ជាង​គេ​ទីពីរ​របស់​ពិភពលោក​មួយ​នេះ។
ធនាគារ​ដ៏​ធំ​របស់​ប្រទេស​អង់គ្លេស​មួយ​ នេះ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា សន្ទស្សន៍​វាស់​ស្ទង់​សកម្មភាព​សេដ្ឋកិច្ច (PMI) ជា​បឋម​របស់​ខ្លួន​មាន​កម្រិត ៤៨,៣ ដែល​ទាប​ជាង​សន្ទស្សន៍​៤៩,២ កាល​ពី​ខែ​ឧសភា និង​ជា​សន្ទស្សន៍​ទាប​ជាង​គេ​គិត​ចាប់​តាំង​ពី​ខែ​កញ្ញា​ឆ្នាំ​២០១២ មក។
គួរ​បញ្ជាក់​ផង​ដែរ​ថា តួលេខ​ក្រោម​៥០ បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច ខណៈ​តួលេខ​ខ្ពស់​ជាង​៥០​បង្ហាញ​ពី​កំណើន​សេដ្ឋកិច្ច។
សន្ទស្សន៍ នេះ​តាម​ដាន​សកម្មភាព​ផលិតកម្ម​នៅ​តាម​រោងចក្រ និង​រោង​សិប្បកម្ម​របស់​ប្រទេស​ចិន និង​តាម​ដាន​ពី​ស្ថានភាព​សេដ្ឋកិច្ច​ចិន​យ៉ាង​ហ្មត់ចត់។
លោក Qu Hongbin ប្រធាន​សេដ្ឋវិទូ​ចិន​ប្រចាំ​ក្រុមហ៊ុន HSBC បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​វិស័យ​ផលិតកម្ម​បាន​ថយ​ចុះ​ដោយ​សារ​ការ​ធ្លាក់​ចុះ​នៃ​តម្រូវ​ការ​ខាង​ ក្រៅ ការ​ធ្លាក់​ចុះ​តម្រូវ​ការ​ក្នុង​ស្រុក និង​កំណើន​នៃ​ការ​កាត់​បន្ថយ​សន្និធិ​តាម​ហាង​ទំនិញ​»។
ក្រុមហ៊ុន HSBC បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​របស់​ខ្លួន​នឹង​ចេញ​ផ្សាយ​សន្ទស្សន៍​វាស់​ស្ទង់​សកម្មភាព​ សេដ្ឋកិច្ច​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី១ ខែ​កក្កដា​ខាង​មុខ​នេះ។
ទិន្នន័យ​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​បន្ទាប់ ​ពី​មាន​ការ​បង្ហាញ​សូចនាករ​ សេដ្ឋកិច្ច​ដែល​មាន​កម្រិត​ខ្សោយ​កាល​ពីខែ​ឧសភា​ដែល​បាន​បង្ហាញ​ថា ទិន្នផល​ឧស្សាហកម្ម និង​ការ​វិនិយោគ​ទ្រព្យ​សកម្ម​ថេរ ដែល​ជា​ការ​វាស់​វែង​ការ​ចំណាយ​ដ៏​សំខាន់​របស់​រដ្ឋាភិបាល និង​ការ​នាំ​ចេញ និង​នាំ​ចូល​សុទ្ធ​តែ​ធ្លាក់​ចុះ​ទាំង​អស់។
លោក Zhang Zhiwei សេដ្ឋវិទូ​ប្រចាំ​ក្រុមហ៊ុន Nomura International នៅ​ទីក្រុង​ហុងកុង បាន​ឲ្យ​ដឹង​ក្នុង​របាយការណ៍​មួយ​ថា៖ «​ការ​ធ្លាក់​ចុះ​នេះ​បាន​ជំរុញ​ឲ្យ​យើង​មាន​ក្តី​បារម្ភ​ជា​ថ្មី​ជុំវិញ​ ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច»។
ក្រុម​សេដ្ឋវិទូ​មាន​ការ​ព្រួយ​បារម្ភ​ កាន់​តែ​ខ្លាំង​ជុំវិញ​ចក្ខុវិស័យ ​សេដ្ឋកិច្ច​របស់​ចិន ដែល​បាន​កើន​ឡើង​៧,៨​ភាគរយ​កាល​ពី​ឆ្នាំ​២០១២ ពោល​គឺ​ជា​កំណើន​ទាប​បំផុត​ក្នុង​រយៈ​ពេល​១៣​ឆ្នាំ ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​នៃ​តម្រូវ​ការ​ទំនិញ​នាំ​ចេញ​នៅ​អាមេរិក និង​នៅ​តំបន់​អឺរ៉ុប​ដែល​កំពុង​ជាប់​បំណុល​វ័ណ្ឌក។
សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ក្នុង​ត្រីមាស ​ទីមួយ​ក្នុង​ឆ្នាំ​នេះ អាច​សម្រេច​បាន​ត្រឹម​តែ ៧,៧​ភាគរយ​តែ​ប៉ុណ្ណោះ ដោយ​ធ្វើ​ឲ្យ​ក្រុម​អ្នក​វិភាគ​ដែល​បាន​រំពឹង​ថា កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​អាច​នឹង​ហក់​ឡើង​ខ្ពស់​នៅ​ឆ្នាំ​២០១៣​នេះ ​ខក​ចិត្ត​បន្ទាប់​ពី​សម្រេច​បាន​កំណើន​ខ្ពស់​កាល​ពី​ចុង​ឆ្នាំ​មុន។
រដ្ឋាភិបាល​ចិន​បាន​កំណត់​ទិសដៅ​កំណើន​ សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​២០១៣ ក្នុង​អត្រា​៧,៥​ភាគរយ ពោល​គឺ​ដូច​គ្នា​ទៅ​នឹង​ទិសដៅ​ក្នុង​ឆ្នាំ​២០១២ ខណៈ​រដ្ឋាភិបាល​ព្យាយាម​កែ​ប្រែ​គំរូ​សេដ្ឋកិច្ច​របស់​ខ្លួន​ពី​ការ​ពឹង​ ផ្អែក​លើ​ការ​នាំ​ចេញ​ទៅ​ជា​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក។
លោក Qu បាន​ថ្លែង​ទៀត​ថា៖ «រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចង់​ប្រើ​ប្រាស់​កំណែ​ទម្រង់​ជា​ជាង​ប្រើ​ កម្មវិធី​ជំរុញ​សេដ្ឋកិច្ច​ដើម្បី​រក្សា​និរន្តរភាព​សេដ្ឋកិច្ច»។
ប្រទេស​ចិន​គ្រោង​នឹង​ចេញ​ផ្សាយ​តួលេខ​ផលិត​ផល​ក្នុង​ស្រុក​សរុប​ប្រចាំ​ត្រីមាស​ទី២ នៅ​ចុង​ខែ​នេះ៕ ប្រភពព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍

0 comments:

Post a Comment