Saturday, June 15, 2013

ជប៉ុន​ចុះ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​ទួរគី

រដ្ឋាភិបាល​ទួរគី​បាន​ចុះ​កិច្ចព្រមព្រៀង​ ជាមួយ​ជប៉ុន ​ក្នុង​ការ​សាងសង់​​ស្ថានីយ​ថាមពល​នុយក្លេអ៊ែរ​ថ្មី។ កិច្ច​ព្រមព្រៀង​ថ្មី​ដែល​មាន​ទំហំ​ទឹក​ប្រាក់ ២២​ ពាន់​លាន​ដុល្លារ ​​គឺ​ជា​គម្រោង​ដំបូង​ដែល​ជប៉ុន​ដេញថ្លៃ​បាន​ជោគជ័យ​ បន្ទាប់​ពី​រលក​យក្ស​ស៊ូណាមិ​បាន​ធ្វើ​ឲ្យ​លេច​ធ្លាយ​ស្ថានីយ​ថាមពល​ នុយក្លេអ៊ែរ​​នៅ​ ហ៊្វូគូស្ស៊ីម៉ា​មក។
​ការ​ចុះ​កិច្ច​ព្រមព្រៀង​នេះ​គឺ​ ធ្វើ​ឡើង​នៅ​ពេល​ដែល​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីនហ្សូ អាបេ ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទួរគី។​
នាយករដ្ឋមន្ត្រី​ទួរគី​លោក​ Recep Tayyip Erdogan (ស្តាំ) ​បាន​ចាប់​ដៃ​គ្នា​ជាមួយ​
​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីនហ្សូ អាបេ បន្ទាប់​ពី​ចុះ​កិច្ចព្រមព្រៀង
នាយករដ្ឋមន្ត្រី ​ទួរគី​លោក​ Recep Tayyip Erdogan ​​ការ​ដោះដូរ​ថ្មី​គឺ​ដើម្បី​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​ ក្លាយ​ជា​ “ដៃគូ​យុទ្ធសាស្ត្រ”។ ​ប្រមុខ​ជាន់ខ្ពស់​ទួរគី​ដដែល ​ក៏​បាន​លើក​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​ទួរគី​ព្រម​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ ជប៉ុន​ថា ​ទួរគី​ជា​ប្រទេស​ដែល​ឧស្សាហ៍​ជួប​គ្រោះ​រញ្ជួយ​ដី​ដូច​ជប៉ុន​ដែរ ​ដូចនេះ​ស្តង់ដារ​សុវត្ថិភាព​របស់​ជប៉ុន​គឺ​អាច​ឲ្យ​ខ្លួន​ទុក​ចិត្ត​បាន។
​ ជប៉ុន​កំពុង​ព្យាយាម​ជំរុញ​ការ​​​លក់​បច្ចេកវិទ្យា​របស់​ខ្លួន​នៅ​ក្រៅ​ ប្រទេស​យ៉ាង​ខ្លាំង ​ដែល​សកម្មភាព​នេះ​ធ្វើ​ឡើង​​​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ដែល​បាន​ធ្លាក់​ចុះ​ ​ក្នុង​រយៈពេល​ ២ ទសវត្ស​ចុងក្រោយ​នេះ។​
​ ការ​លេច​ធ្លាយ​កាកសំណល់​នុយក្លេអ៊ែរ​​នៅ​ហ៊្វូគូស្ស៊ីម៉ា ​ពី​ការ​វាយប្រហារ​ដោយ​រលក​យក្ស​ស៊ូណាមិ​នៅ​ឆ្នាំ ២០១១ ​ធ្វើ​ឲ្យ​អន្តរជាតិ​មិន​ទុក​ចិត្ត​លើ​បញ្ហា​សុវត្ថិភាព​របស់​ជប៉ុន ​ដែល​នេះ​ជា​ក្ដី​បារម្ភ​មួយ​របស់​ជប៉ុន​លើ​ការ​ដាក់​លក់​បច្ចេកវិទ្យា​នៅ​ ក្រៅ​ប្រទេស៕

ប្រភព  http://news.sabay.com.kh

0 comments:

Post a Comment