Saturday, June 15, 2013

គ្រឿង​អលង្ការ​ និង​ត្បូង​មាន​​តម្លៃ​កម្ពុជា​ ​គ្រោង​ហក់​ចូល​​​​ទី​ផ្សារ​អាមេរិក

គ្រឿង​អលង្ការ​ និង​ត្បូង​មាន​​តម្លៃ​​​កម្ពុជា​​កំពុង​សម្លឹង​ឱកាស​ដ៏​ល្អ​របស់​ខ្លួន​ ក្នុង​​ការ​នាំ​ចូលទៅ​ទីផ្សារ ​អាមេរិក​ ក្នុង​ពេល​ឆាប់​ៗ​ ខណៈ​ការ​នាំ​ចេញ​ផលិត​ផល​​ទាំង​នេះ​ទៅ​​កាន់​ទី​ផ្សារ​អាមេរិក​ ​ត្រូវ​បាន​លើក​លែង​ពន្ធ​នាំ​ចូល​។​នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​​​ លោក​ ចម ប្រសិទ្ធិ​ ទេស​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ថ្លែង​ប្រាប់​អ្នក​ការ​សែត​​ ក្នុង​ឱកាស​ បើក​​ពិព័រណ៍​គ្រឿង​អលង្ការ​ និង​ត្បូង​ថ្ម​មាន​តម្លៃ​កាល​ពី​ព្រឹក​មិញ​នេះ​​នៅ​កោះ​ពេជ្រ។

លោក ​​បាន​មាន​ប្រសាសន៍​ថា​​​ ពី​មុន​​ការ​នាំ​ចូល​ផលិត​ផល​​គ្រឿង​អលង្ការ​ និង​ត្បូង​ថ្ម​​មាន​តម្លៃ​ពី​​ប្រទេស​ថៃ​​ ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​ ក៏​ត្រូវ​បាន​លើក​លែង​ពន្ធ​​ដូច​កម្ពុជា​ផង​ដែរ​។ប៉ុន្តែ​ដោយ​សារ​ការ​​​នាំ ​​ចូល​របស់​ថៃ​លើ​ផលិត​ផល​នេះ​​មាន​សន្ទុះ​ខ្លាំង ទើប​​សហរដ្ឋ​អាមេរិក​សម្រេច​​​លុប​ចោល​ការ​មិន​យក​ពន្ធ​។លោកថា​ ក្នុង​នាម​ប្រទេស​មួយ​ ដែល​មាន​ការ​អភិវឌ្ឍ​តិច​តួច​ កម្ពុជា​នឹង​ចំណេញ​ពីរ​យ៉ាង​ពី​វិស័យ​នេះ​​​​ទី​១​ ការ​នាំ​ចេញ​ផលិត​ផល​ ដោយ​មិន​គិត​ពន្ធ​ ទី២​ កម្ពុជា​នឹង​អាច​ទាក់​ ទាញ​អ្នក​វិនិយោគ​បរទេស​លើ​វិស័យ​នេះ​មក​​​កាន់​តែ​ច្រើន​ ព្រោះ​​​កម្លាំង​ពលកម្ម​កម្ពុជា​ធូរ​ថ្លៃ​ជាង​បណ្ដា​ប្រទេស​នានា​​ ហើយ​ការ​នាំ​ចេញ​ទៀត​សោត​​ ក៏​មិន​មាន​គិត​ពន្ធ​​។​ដូច្នេះ​ការ​អភិវឌ្ឍលើ​ផ្នែក​​វិស័យ​នេះ​ នឹង​ចូល​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ ព្រម​ទាំង​បង្កើត​ការងារ​ ជំនាញ​ច្បាស់​លាស់​  កាន់​តែ​ច្រើន​​សម្រាប់​ប្រជាជន​កម្ពុជា​ ប្រកប​ដោយ​​ភាព​ថ្លៃ​ថ្នូរ ។​
លោក​ទេស​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា​ ក្រុមហ៊ុន​កែ​ច្នៃ​ត្បូង​ជា ​ច្រើន​បាន​​ចាប់​ផ្តើម​មាន​វិញ្ញាបនបត្រ​ ដើម្បី​បញ្ជាក់​ពី​​គុណភាព​ត្បូង​ជូន​ដល់​អតិថិជន​​របស់​ខ្លួន​ ដែល​ប្រការ​នេះ​ក៏​អាច​ជា​ចំណែក​មួយ​ ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​បរទេស​មក​កាន់​កម្ពុជា​ផង​ដែរ៕

ប្រភព http://news.sabay.com.kh

0 comments:

Post a Comment