Saturday, June 15, 2013

ពលករ​កម្ពុជា​នៅ​ក្រៅ​ប្រទេស​​ផ្ញើ​លុយ​​​​មក​​ស្រុក​​ ២៥៦​​លាន​​​ដុល្លារ​ឆ្នាំ​២០១២

យោង​តាម​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​​អន្តរជាតិ​​សម្រាប់​ការ​ អភិវឌ្ឍ​កសិកម្ម​​​ (IFAD)​​និង​​​ធនាគារ​ពិភពលោក​ ​កាល​ពី​ថ្ងៃ​ចន្ទ​​​ ​​​​ដោយ​ដាក់​ឈ្មោះ​ថា​ Sending Money Home to Asia ​​​បាន​ឲ្យ​ដឹង​​ថា ​​​ពលករ​​កម្ពុជា​ដែល ​​បម្រើ​ការ​ងារ​នៅ​ក្រៅ​ប្រទេស​​បាន​ផ្ញើ​លុយ​​ (Remittance)​​​ មក​​គ្រួសារ​នៅ​កម្ពុជា​​ប្រមាណ​​​​ ២៥៦​​លាន​ដុល្លារ​​ ស្មើ​នឹង​ ១,៨%​​ នៃ​​ផលិតផល​ក្នុង​ស្រុក​សរុប​​កាល​ពី​ឆ្នាំ​២០១២។

​ ​នៅ​ក្នុង​របាយការណ៍​ដដែល​នោះ​ ​បាន​បញ្ជាក់​​ទៀត​ថា​ ​​​ពលករ​នៅ​ប្រទេស​​ក្នុង​ទ្វីប​អាស៊ី​​រក​ចំណូល​​បាន​​​​ប្រហែល​​ ២៦០​ពាន់​លាន​ដុល្លារ​សម្រាប់​គ្រួសារ​របស់​គេ​ ​ក៏​ប៉ុន្តែ​ពួក​គេ​ត្រូវ​ខាត​បង់​​​លើ​ថ្លៃ​សេវាកម្ម​ហិរញ្ញវត្ថុ​​​​​​​​ ​​(​ផ្ទេរ​លុយ) ​ដោយ​សារ​តែ​នៅ​តំបន់​​​​​​ឆ្ងាយ​​ពី​​ទីក្រុង​​មិន​សូវ​មាន​សេវាកម្ម​ ហិរញ្ញវត្ថុ​ (ធនាគារ)​​ ​និង​មាន​ការ​កំណត់​ថ្លៃ​សេវា​​ខ្ពស់។
​​​​​
​​ជាក់​ស្ដែង ​​សម្រាប់​ប្រទេស​កម្ពុជា​ ​​ចំពោះ ​​ថ្លៃ​​សេវា​ផ្ញើ​ពី​ក្រៅ​​ប្រទេស​មក​ក្នុង​​ស្រុក​​គិត​ជា​មធ្យម​ប្រមាណ​​ ៥,៥៩​ ភាគ​រយ​​នៃ​​ចំនួន​លុយ​​សរុប​ដែល​​ពលករ​ផ្ញើ​មក។ ​ចំនួន​នេះ​គឺ​ទាប​ជាង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​ដូច​ជា​ ​ស្រីលង្កា​ ​ឥណ្ឌា​ ​នេប៉ាល់​ ​​ប៉ាគីស្ថាន​ និង​បង់ក្លាដេស​ជា​ដើម។
​​​​ទោះ​ជា​ យ៉ាង​នេះ​​ក្ដី​ ​របាយការណ៍​ដដែល​នោះ​ក៏​បាន​​​ឲ្យ​ដឹង​​ដែរ​ថា​ ​​ពលរដ្ឋ​កម្ពុជា​​​បាន​ប្រើ​ប្រាស់​​​​សេវាកម្ម​របស់​គ្រឹះស្ថាន​មីក្រូ​ ហិរញ្ញវត្ថុ​​​​​ច្រើន​​ជាង​គេ​នៅ​ក្នុង​តំបន់​ ​​​តែ​ចំពោះ​​តម្លៃ​​ផ្ញើ​លុយ​ចូល​ក្នុង​ប្រទេស​វិញ​​​​​ហាក់​នៅ​ខ្ពស់​នៅ​ ឡើយ​ ​​ពោល​​គឺ​ក្នុង​​អត្រា​ ១០%។
​ លោក​ យ៉ា ណាវុធ ​ប្រធាន​អង្គការ​ខារ៉ាម​កម្ពុជា​ ដែល​ធ្វើ​ការ​ទាក់​ទិន​នឹង​ការ​បញ្ជូន​ពលករ​ទៅ​ក្រៅ​ប្រទេស​​ ​​បាន​លើក​ឡើង​ដែរ​​​ថា​ ក្រៅ​តែ​ពី​​ពលករ​ផ្ញើ​លុយ​មក​ក្នុង​​ស្រុក​​តាម​ប្រព័ន្ធ​ធនាគារ​ ​​ក៏​នៅ​មាន​រូបភាព​មិន​ផ្លូវ​ការ​មួយ​ចំនួន​ទៀត​ដែរ​ ដូច​ជា​ ការ​ផ្ញើ​តាម​ក្រុមហ៊ុន​ជ្រើស​រើស​ពលករ​ ​​​និង​ផ្ញើ​​តាម​មេ​ខ្យល់។ ​បញ្ហា​នេះ​ច្រើន​កើត​​មាន​​ចំពោះ​ពលករ​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយ​​ថ្លៃ​សេវាកម្ម​វិញ​មិន​ថោក​នោះ​ទេ។ ​​​​
​ ​​​​មន្ត្រី​​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ​​លោក​ ​​ញែម គឹមហួយ​ ​ធ្លាប់​ថ្លែង​ប្រាប់​បណ្ដាញ​សារព័ត៌មាន​​ក្នុង​ស្រុក​​មួយ​ថា​ ​​​​​​​បើ​គិត​ជា​​មធ្យម​​​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ទទួល​បាន​​ប្រាក់​ បៀវត្ស​​​ក្នុង​​​១​ខែ​​​ប្រហែល ២០០​ដុល្លារ​​អាមេរិក ​​​និង​នៅប្រទេសកូរ៉េ និងជប៉ុន​ ​​​បាន​ប្រហែល​ ១០០០​ដុល្លារ​អាមេរិក។ ​
​ ក្រសួង​កាងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ពលករ​កម្ពុជា​ស្រប​ច្បាប់​ ដែល​ចេញ​ទៅ​បម្រើការ​ងារក្នុង​ប្រទេស​​ថៃ ​កូរ៉េខាងត្បូង ម៉ាឡេស៊ី និង​ជប៉ុន ក្នុង​ឆ្នាំ ២០១២ កន្លង​ទៅ​មាន​ចំនួន​ ៣៤ ៨០៤ នាក់ កើន​ឡើង​ប្រមាណ​ ៣៣ ភាគរយ បើធៀប​ទៅ​នឹង​​ឆ្នាំ​២០១១ មាន​ចំនួន​​ ២៦២១៩ នាក់៕​​​

ប្រភព http://news.sabay.com.kh

0 comments:

Post a Comment