Saturday, June 15, 2013

ត្រីមាស​ទី​១​​ឆ្នាំ​នេះ​ កម្ពុជា​​នាំ​ចូល​ប្រេង​តិច​ជាង​ឆ្នាំ​មុន​១២%​​​

គិត​ត្រឹម​​ត្រីមាស​ទី​មួយ​ឆ្នាំ​២០១៣​នេះ​ ​កម្ពុជា ​នាំ​ចូល​ប្រេង​ ប្រមាណ​ ៤១២.១៩០​​តោន ​​គឺ​ធ្លាក់​ចុះ​​ប្រមាណ​១២%​ បើ​ធៀប​ទៅ​​​នឹង​រយៈពេល​ដូច​គ្នា​កាល​ពីឆ្នាំ​មុន​ ​ខណៈ​​នាំ​ចូល​ ៤១៧.០០០​តោន។ នេះ​បើ​យោង​តាម​របាយ​ការណ៍​​ដែល​បាន​​ចេញ​ផ្សាយ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​កាល ​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​​។​​
ប្រទេស​កម្ពុជា​​បាន​​ចំណាយ​ ប្រាក់​ប្រហែល​ ៣៩៧​លាន​ដុល្លារ​ ដើម្បី​ទិញ​ប្រេង​​នាំ​ចូល គិត​ត្រឹម​ពី​ខែ​មករា រហូត​ដល់​ខែមីនា ឆ្នាំ​២០១៣​។ តួលេខ​នេះ​​​​ធ្លាក់​ចុះ​​ ១៥% ​បើ​ធៀប​​ទៅ​ឆ្នាំ​២០១២​ ដែល​ពេល​នោះ​ទិញ​អស់​​ ៤៦៩​លាន​ដុល្លារ។

​តាម​របាយការណ៍​ដដែល​នេះ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ​កម្ពុជា​បាន​​ទិញ​ប្រេង​ពី​ប្រទេស​បី​ គឺ​វៀតណាម​ សិង្ហបុរី​ និង​ថៃ ខណៈ​ដែល​​​ប្រេង​កាត​របស់​កម្ពុជា​​​​​​មិន​ទាន់​​បាន​បូម​ចេញ​​នៅ​​ឡើយ។

​​​ប្លុក​ប្រេង​កាត​កម្ពុជា​ (រូប៖ cdn.investvine.com)
ទាក់​ទិន​​ទៅ​នឹង​បញ្ហា​នេះ​ដែរ​ ​អ្នក​វិភាគ​សេដ្ឋកិច្ច​ឯក​រាជ្យ​ ​និង ​ជា​ប្រធាន​វិទ្យាស្ថាន​​កម្ពុជា​សិក្សា​​​ដើម្បី​អភិវឌ្ឍន៍​​ ​លោក​​បណ្ឌិត​​ កង ច័ន្ទតារារ័ត្ន​ ​បាន​មាន​ប្រសាសន៍​ថា ​​លោក​ពុំទាន់​​អាច​វាយ​តម្លៃ​​​ពី​មូលហេតុ​​នៃ​ការ​ធ្លាក់​ចុះ​នេះ​​បាន​ នោះ​ទេ។ ​ក៏​ប៉ុន្តែ​ លោក​​​សង្កេត​ឃើញ​ថា​ ​​​វិស័យ​សំណង់ កសិកម្ម​ ​ឧស្សាហកម្ម​​ ​​និង​វិស័យ​មួយ​ចំនួន​ទៀត​ ​​​កំពុង​មាន​សន្ទុះ​ងើប​​ឡើង​ ដូច្នេះ​សម​ណាស់​តែ​​​ការ​នាំ​ចូល​ប្រេង​មាន​ការ​កើន​ឡើង។ ​ ​​ទោះ​ជា​យ៉ាង​​នេះ​ក្ដី​ ​លោក​បណ្ឌិត​បាន​បន្ដ​ថា​ ​​ការ​កើន​ឡើង​​​នៃ​សេដ្ឋកិច្ច​ គឺ​បង្ហាញ​​ច្បាស់​ណាស់​ថា​ ​​តម្រូវ​ការ​ប្រេង​​កើន​ឡើង​ដែរ។
​​​​កាល​ពី​ដើម​ខែ​​មេសា​កន្លង​ទៅ​ ​​កម្ពុជា​បាន​ប្រកាស​​គម្រោង​សាង​សង់​រោង​ចក្រ​ចម្រាញ់​ប្រេង​កាត​​​​ដំបូង ​​​​​របស់​ខ្លួន​​នៅ​ខេត្ត​កំពត​ ​ដែល​​ចំណាយ​ទឹក​​ប្រាក់​​វិនិយោគ​ប្រមាណ​ ២៣០០​លាន​ដុល្លារ។ ​រោងចក្រ​​​​នេះ​​បង្កើត​ឡើង​​ដោយ​ក្រុមហ៊ុន​ ​Cambodian Petrokemical Co.Ltd​ (ភាគី​កម្ពុជា) ​និង​ ​ក្រុមហ៊ុន​ចិន Sinomach China Perfect Machinery Industry Corp. Ltd.។ ​​​រោង​ចក្រ​នេះ​នឹង​ដាក់​ដំណើរការ​នៅ​ឆ្នាំ​២០១៥​​ ដែល​មាន​លទ្ធភាព​អាច​​ផលិត​ប្រេង​បាន​ ៥​​​លាន​តោន​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ស្រុក​ និង​នាំ​ចេញ។
​ ​​​​​​​ប្រធាន​អាជ្ញាធរ​ប្រេង​កាត​កម្ពុជា​ ​​ឯកឧត្តម​​ឧបនាយករដ្ឋមន្ត្រី​​​​​ ​សុខ អាន​ ​​ធ្លាប់​មាន​ប្រសាសន៍​ថា​​ រោងចក្រ​ចម្រាញ់​ប្រេងកាត ទី​១ នៅ​​កម្ពុជា​នេះ នឹង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​​​តាមរយៈ​ការផ្តល់​ការងារ​ធ្វើ​ ដល់            ​ប្រ​ជា​ពលរដ្ឋ​​ព្រម​ទាំង​ការ​ចម្រាញ់​ប្រេង សម្រាប់​ប្រើ​ប្រាស់​​ក្នុងស្រុក​​​​ ​និង​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​។ លោក​បន្ត​ថា​ មួយ​ឆ្នាំ​កម្ពុជា​​​​ប្រើ​ប្រាស់​ប្រេង​​ប្រមាណ​ ១​លាន​តោន។
​ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ប្រកាស​ថា​ ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​នឹង​ត្រូវ​ចម្រាញ់​ចេញ​​​​​ដោយ​ក្រុមហ៊ុន ​Chevron​នៅ​ឆ្នាំ​២០១២​នេះ​ តែ​​ចុង​ក្រោយ​​​ត្រូវ​ពន្យារ​ដល់​ឆ្នាំ​២០១៦​វិញ។ ​​​ចំពោះ​បញ្ហា​នេះ​ដែរ​​ ​លោក ជាម យៀប ​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​​រដ្ឋសភា  ​ធ្លាប់​បាន​លើកឡើងថា​ ​​​បញ្ហានេះ​ បណ្ដាល​មក​​ពី​ពុំ​ទាន់​មាន​ច្បាប់​គ្រប់​គ្រង​វិស័យ​ប្រេង បញ្ហាកង្វះ​ធនធាន​មនុស្ស ​​និង​ ការ​ចរចា​អំពី​ផល​ប្រយោជន៍​រវាង​​ក្រុម​ហ៊ុន និង​រាជ​រដ្ឋាភិបាល។ មួយ​វិញ​ទៀត ពាក់​ព័ន្ធ​នឹង​បច្ចេក​ទេស​សាង​សង់អណ្ដូង​​៕

ប្រភព  http://news.sabay.com.kh

0 comments:

Post a Comment